(ភ្នំពេញ)៖ ការបង្កើតការងារ ជាប់ពាក់ព័ន្ធ និងកត្តាជាច្រើន ដែលត្រូវយកមកអនុវត្តន៍រួមគ្នា។ ប្រទេសខ្លះធ្វើបានល្អ ហើយប្រទេសខ្លះទៀត ធ្វើមិនបានល្អ ដោយសារតែល្បឿននៃកម្លាំងពលកម្ម ចូលនៅក្នុងទីផ្សារការងារច្រើនពេក ហើយសេដ្ឋកិច្ច ពុំអាចបង្កើតការងារបានទាន់ពេលវេលា។ ជាលទ្ធផល ធ្វើឱ្យប្រទេសមួយ មានអត្រាអ្នកគ្មានការងារធ្វើច្រើនជាដើម។
ប្រទេសកម្ពុជាវិញ បានអះអាងថា អ្នកគ្មានការងារធ្វើវិញ មានប្រមាណ១ម៉ឺននាក់ក្នុងមួយឆ្នាំ ស្របពេលដែលកម្លាំងពលកម្មថ្មី ចូលក្នុងទីផ្សារប្រមាណ ១៦ម៉ឺននាក់បន្ថែមប្រចាំឆ្នាំ។ កត្តានេះ មានន័យថា ប្រទេសកម្ពុជាមាននយោបាយសេដ្ឋកិច្ចល្អ លើការបង្កើតការងារបានទាន់ពេល ។
តើប្រទេសកម្ពុជា កំពុងធ្វើអ្វីខ្លះដើម្បីបង្កើតកាងារដល់ប្រជាពលរដ្ឋរបស់ខ្លួន?
ជាទូទៅនៅពេលដែលនិយាយដល់ការបង្កើតការងារ គឺរឿងចាំបាច់បំផុតដែលត្រូវធ្វើ តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការលើកទឹកចិត្តផ្នែកសហគ្រិនភាព ការទាក់ទាញវិនិយោគបរទេស ការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ការបណ្ដុះបណ្ដាលការអប់រំ និងជំនាញបច្ចេកទេសជាដើម។ ក្រៅពីនេះ ការសិក្សាស្រាវជ្រាវបន្ថែម លើកត្តាបង្កើតការងារជារឿងចាំបាច់បន្ថែមទៀត ជាពិសេសរដ្ឋាភិបាល ត្រូវធ្វើការងារយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីរៀបចំកម្លាំងពលកម្មឱ្យត្រូវនឹងទីផ្សារចង់បាន។
ម៉្យាងវិញទៀត រដ្ឋាភិបាលប្រទេសមួយ ត្រូវមានការលើកទឹកចិត្តដល់វិស័យធុរកិច្ច លើការវិនិយោគ ដូចជាការអនុគ្រោះពន្ធ ឬការឧបត្ថម្ភធនជាដើម។ ចំណែកឯការកាត់បន្ថយរបាំងនៃការធ្វើអាជីវកម្ម និងគាំទ្រដល់យន្តការប្រកួតប្រជែងដោយសេរី គឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់ការវិនិយោគ និងពង្រីកអាជីវកម្មលើការបង្កើតការងារ ស្របពេលធនធានមនុស្សកម្ពុជាកំពុងកើនឡើង។
ជាទ្រឹស្តីធនធានមនុស្សជាពិសេសយុវជន ជាកត្តាសំខាន់បំផុត ដើម្បីចូលរួមគ្រប់ការអភិវឌ្ឍនៅក្នុងប្រទេសនីមួយ នៅលើពិភពលោក។ ដោយឡែកយុវជននៅប្រទេសកម្ពុជា មានចំណែករហូតដល់៧០% បើធៀបនឹងទំហំប្រជាពលរដ្ឋកម្ពុជាសរុប ។ ការបង្កើតនយោបាយសម្រាប់ យុវជនកម្ពុជា ឱ្យសកម្មនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា គឺជាកត្តាអាទិភាពសម្រាប់រដ្ឋាភិបាលកម្ពុជា។
បើគិតត្រឹមឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន គឺមានរយៈពេល៣០ឆ្នាំ ដែលកម្ពុជាបានចាប់យកសេដ្ឋកិច្ចទីផ្សារសេរី តាមរយៈការលើកទឹកចិត្តវិនិយោគរវាងវិស័យឯកជន និងការនាំចេញ។ ចាប់ពីនោះមកសហគ្រាសនៅកម្ពុជា មានប្រមាណ ជាង៥០ម៉ឺនសហគ្រាស ជាសហគ្រាសខ្នាតតូច និងមធ្យម ដែលកំពុងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ។ សហគ្រាសនោះ បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោល សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន ការងារដែលបង្កើតដោយវិស័យឯកជន មានប្រមាណជិត ៣លានកន្លែង នេះបើយោងតាមការសិក្សារបស់ធនាគារពិភពលោកប្រចាំកម្ពុជា។
បើនិយាយលើការបង្កើតការងារសរុបវិញ បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានបង្កើតការងារ ប្រមាណ ១០លានកន្លែងនៅទូទាំងប្រទេស ដែលបានមកពីវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ក្នុងនោះវិស័យកសិកម្មបង្កើតការងារ មានចំណែករហូតដល់៥០% នៃការងារសរុប។ ហើយក្រុមហ៊ុនបរទេសវិញ ក៏បានបង្កើតការងារប្រមាណ ១លានកន្លែងនៅប្រទេសកម្ពុជា។ ភស្ដុតាងទាំងអស់នេះហើយ បានជារដ្ឋាភិបាលកម្ពុជា ចាត់ទុកយន្តការសេដ្ឋកិច្ច គាំទ្រដល់ការវិនិយោគ ជាកត្តាសំខាន់បង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
សេដ្ឋកិច្ចកម្ពុជាបង្កើតការងារ ស្ថាប័នអភិវឌ្ឍនានានៅកម្ពុជា ធ្លាប់លើកឡើងថា បើកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧%ប្រចាំឆ្នាំ នោះសេដ្ឋកិច្ចនឹងបង្កើតការងារបានជាមធ្យមចំនួន១៦ម៉ឺននាក់ ។ បច្ចុប្បន្ន បើគិតត្រឹមរយៈពេល ៥ខែដើមឆ្នាំ ២០២៣ គម្រោងវិនិយោគបរទេសទាំងអស់បង្កើតការងារប្រមាណ ៧ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលភាគច្រើននៅវិស័យកាត់ដេរសំលៀកបំពាក់។ បើគ្មានអ្វីប្រែប្រួល និងស្ថិរភាពនយោបាយ សេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជានឹងបង្កើតការងារ តាមគារគ្រោងទុក តាមរយៈនយោបាយសេដ្ឋកិច្ច ជំរុញការវិនិយោគក្នុងស្រុក និងបរទេស។
បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជានៅ ឆ្នាំ២០២៣ នឹងមានកំណើន ៥.៦%ដែលកើនលើសឆ្នាំមុន ដែលមានអត្រាកំណើនត្រឹមតែ ៥.២%ប៉ុណ្ណោះ។ តួរលេខនេះ ត្រូវបានស្ថាប័នស្រាវជ្រាវអន្តរជាតិ រួមមាន ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី មូលនិរូបិយវត្ថុអន្តរជាតិ ព្យាករណ៍ស្រដៀងៗគ្នាដែរ។
តាមរយៈកំណើនសេដ្ឋកម្ពុជាកន្លងមក គឺប្រទេសកម្ពុជាបង្កើតការងារ លើវិស័យសំខាន់បីធំៗ ដូចជាទីមួយ៖ វិស័យកាត់ដេរសំលៀកបំពាក់ ចំនួនប្រមាណ ១លាននាក់ ទីពី៖ វិស័យទេសចរណ៍ បង្កើតការងារផ្ទាល់ប្រមាណ ៨០ម៉ឺនកន្លែង និងចូលរួមដល់ទំហំសេដ្ឋកិច្ចជាតិជាង១១% ទីបី វិស័យសំណង់បង្កើតការងារបានយ៉ាងតិចបំផុត ២០ម៉ឺននាក់ ក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យចូលរួមដល់កំណើនសេដ្ឋកិច្ចប្រមាណ ១០% ប្រចាំឆ្នាំ។
ដោយឡែក បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នស្រាវជ្រាវនានាបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ វិស័យកាត់ដេរសំលៀកបំពាក់ មានកំណើនជាង ៨% វិស័យទេសចរណ៍កើនឡើងប្រមាណ ៧% និងវិស័យសំណង់ និងអចលនទ្រព្យ កើនឡើងប្រមាណ ១.៣% ។
ទោះជាយ៉ាងណាក៏ដោយ តាមការស្រាវជ្រាវ ដោយធនាគារពិភពលោក កាលពីឆ្នាំ ២០១៩ បង្ហាញថា កម្លាំងពលកម្មថ្មី ដែលចូលនៅក្នុងទីផ្សារការងារ គឺមានប្រមាណ ៣០ម៉ឺននាក់ ដែលចំនួននេះបន្ថែមទៅ ក្នុងកម្លាំងពលកម្មកម្ពុជាសរុបដែលមានចំនួន យ៉ាងហោចណាស់ជាង ៨លាននាក់ គិតត្រឹមឆ្នាំ ២០១៥ ។ និន្នាការនេះ ទាមទារពង្រឹងយន្តការអភិវឌ្ឍមូលដ្ឋានជំរុញ និងបង្កើតការងារ ឱ្យកាន់តែច្រើនថែមទៀត ដើម្បីបញ្ជូលកម្លាំងពលកម្មថ្មី លើដំណើរការនៃការអភិវឌ្ឍ កម្ពុជាឱ្យកាន់តែសម្បូរបែប។
សរុបមកវិញ កំណើនប្រជាពលរដ្ឋ ឬកំណើនធនធានមនុស្សជា ប្រភពនៃកំណើនសេដ្ឋកិច្ច ព្រោះកំណើនប្រជាពលរដ្ឋ នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។ ផ្ទុយទៅវិញ បើសេដ្ឋកិច្ចមួយមានកំណើនពលរដ្ឋ តែមិនអាចផ្ដល់ការងារធ្វើដល់ពួកគេ នឹងនាំឲ្យមានបញ្ហាដល់ការអភិវឌ្ឍទៅវិញ ព្រោះថាកំណើនប្រជាពលរដ្ឋ គឺឆ្លុះបញ្ជាងអំពីកំណើនតម្រូវការ ចំណីអាហា ការស្នាក់នៅ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល លើសន្តិសុខសង្គមជាដើម។
ជាលទ្ធផល រដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងអនុវត្តន៍គោលនយោបាយ ទាក់ទាញវិនិយោគបរទេស និងការលើកទឹកចិត្តសហគ្រាសក្នុងស្រុក ដើម្បីបង្កើតការងារ ក្នុងនោះតាមរយៈនយោបាយសេដ្ឋកិច្ចកន្លងមក ក្រុមហ៊ុនក្នុងស្រុក បង្កើតការងារបាន ២លាន៨សែនកន្លែង និងក្រុមបរទេសបង្កើតការងារបាន ១លានកន្លែងនៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ អាន ស៊ីថាវ