(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
សម្រាប់រដូវប្រមូលផលស្រូវ ដែលនឹងមកដល់ខាងមុខលោកបណ្ឌិត សូមធ្វើការស្នើសុំ និងបន្តជំរុញលើកទឹកចិត្ត ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតំលៃទីផ្សារ។
លោកបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងសហការគ្នាដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ ១លានតោនរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។
លោកអគ្គនាយក បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទាន ដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវ ពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។
សម្រាប់រដូវប្រមូលផលស្រូវលោកបណ្ឌិត ស្នើសុំម្ចាស់រោងម៉ាស៊ីនកិនស្រូវ រៀបចំបង្កើតទីផ្សារទិញស្រូវក្នុងតំបន់របស់ខ្លួនឱ្យបានច្រើនកន្លែង និងច្រើនទីតាំង ដើម្បីបង្ករភាពងាយស្រួល ដល់ប្រជាកសិករធ្វើការប្រមូលផ្តុំ យកស្រូវមកលក់ និងកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន របស់បងប្អូនកសិករផងដែរ។
លោកបណ្ឌិត ស្នើសុំដល់តំណាងអ្នកទិញស្រូវរបស់រោងម៉ាស៊ីន ដោយធ្វើការទូទាត់ប្រាក់នៃការទិញ-លក់ស្រូវពីបងប្អូនកសិករ តាមរយៈ APP របស់ធនាគារ ARDB ដែលអាចផ្ទេរទៅធនាគារផ្សេងៗ បានយ៉ាងងាយស្រួល និងរហ័ស។
ក្នុងន័យនេះ, បណ្ឌិត កៅ ថាច លើកទឹកចិត្តឱ្យម្ចាស់រោងម៉ាស៊ីនទាំងអស់ នៅពេលខ្វះថវិកាទិញស្រូវ អាចធ្វើការស្នើសុំឥណទានបន្ថែម ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន គ្រាន់តែបំពេញតាមលក្ខខណ្ឌគុណវុឌ្ឍរបស់ធនាគារតែប៉ណ្ណោះ ឬក៏ដាក់ស្តុកស្រូវ-អង្ករ ជាទ្រព្យធានា។
លោកបណ្ឌិតបានធ្វើការ ស្នើសុំយ៉ាងទទូចដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ សូមមានសាមគ្គីភាពរវាងគ្នា កុំធ្វើការប្រកួតប្រជែងគ្នា និងសូមធ្វើការរួបរួមគ្នា ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា ប្រកបដោយវិបុលភាព និងភាពរីកចម្រើន។
លោកស្នើសុំម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមមេត្តាជួយសម្រួល និងអនុញ្ញាតដល់បងប្អូនប្រជាពលរដ្ឋ ដែលជាកម្មកររបស់ខ្លួន បានចេញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខាន។
លោកបណ្ឌិត ក៏បានបន្តបេសកកម្មចុះត្រួតពិនិត្យមើលការប្រើប្រាស់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដើម្បីធានាស្ថេរភាពថ្លៃស្រូវ ដែលបានផ្តល់ជូនតាមរយៈ ធានគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនចំនួន៥ ក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបន្ទាយមានជ័យ៖ ធនាគារស្រូវកម្ពុជា, រោងម៉ាស៊ីនកិនស្រូវ ភួ ពួយ, រោងម៉ាស៊ីនកិនស្រូវ ឡាយ ស៊ែ, រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និងរោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ៕