(ភ្នំពេញ)៖ ​លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈ​កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល​ បានជំរុញឱ្យម្ចាស់អាជីវកម្ម បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ជាពិសេសជំនាញឌីជីថល ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន និងធ្វើជាគម្រូដល់បុគ្គលិកនៅក្នុងសហគ្រាសរបស់ខ្លួន។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម​នៃបណ្ដុះបណ្ដាលស្ដីពី ​«ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» រដូវកាលទី១​ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ​នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច​ដែលរៀបចំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុន META។

កម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» បានទទួលបេក្ខជនដាក់ស្នើពាក្យចូលរួម សរុបប្រមាណ៦០០នាក់។ បន្ទាប់ពីការសម្រិតសម្រាំង, បេក្ខជន ៥០នាក់ ត្រូវបានជ្រើសរើសចូលរួមវគ្គបណ្ដុះបណ្ដាល នៅក្នុងរដូវកាលទី១នេះ។ វគ្គបណ្ដុះបណ្ដាល ៨សប្ដាហ៍ គឺត្រូវបានប្រព្រឹត្តទៅក្រោមទម្រង់ជាការសិក្សាអនឡាញ និងការសិក្សាក្នុងថ្នាក់រៀន ដែលក្នុងសប្ដាហ៍នីមួយៗ សិក្ខាកាមបានទទួលនូវការបង្រៀន និងពន្យល់យ៉ាងក្បោះក្បាយលើប្រធានបទល្អៗ ជាច្រើនពីសំណាក់គ្រូបណ្ដុះបណ្ដាលជំនាញ ទាំង៣រូប រួមមាន៖ កញ្ញា គង់ សុវណ្ណ, លោក សូ វណ្ណដាវីដ, និងលោក សួង សំរិត ដែលជាអ្នកគ្រប់គ្រងដំណោះស្រាយអតិថិជននៃក្រុមហ៊ុន Httpool។

​លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលបានលើកឡើងថា​ កម្មវិធីបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយរលូន និង ទទួលលទ្ធផលដូចការរំពឹងទុក ដែលក្នុងនោះ ម្ចាស់ និង អ្នកគ្រប់គ្រងសហគ្រាសបានចាប់យកចំណេះដឹងសំខាន់ៗ ​គំនិតនវានុវត្តន៍ និង បទពិសោធន៍ជាក់ស្ដែងបន្ថែម ពីសំណាក់អ្នកជំនាញផ្នែកទីផ្សារឌីជីថល។

លោកបន្តថា «អ្វីដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជាគុណប្រយោជន៍ដល់សហគ្រាសក្នុងការអនុវត្តកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក៏ដូចជា ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជាផងដែរ»

​លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META ​បានលើកឡើងពីសារៈសំខាន់នៃការបង្កើនជំនាញ និងចំណេះដឹងឌីជីថលសម្រាប់សគ្រាសកម្ពុជានៅក្នុងយុគ្គសម័យបច្ចេកវិទ្យាឌីជីថល។

លោកបណ្ឌិត ក៏បន្តផ្ដល់ជាសំណូមពរ និងលើកទឹកចិត្តដល់សិក្ខាកាម ក្នុងការបន្តចាប់យក និងបំពាក់បំប៉នជំនាញ និង ចំណេះដឹងទីផ្សារឌីជីថលបន្ថែមតាមរយៈវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀត ដើម្បីយកទៅពង្រីក និងប្រតិបត្តិដំណើរការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

​បន្ទាប់វគ្គបណ្ដុះបណ្ដាលរដូវកាលទី១ទទួលបានជោគ ​កម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» នឹងរៀបចំនៅរដូវកាលទី២បន្តទៀត ដែលនឹងបើកដំណើរការទទួលពាក្យនាថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ​៕