(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បាននិយាយកាលពីថ្ងៃសុក្រថា លោកកំពុងឃ្លាំមើលទីផ្សារប្តូរប្រាក់បរទេសយ៉ាងយកចិត្តទុកដាក់ ហើយការប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់របស់ប្រាក់យ៉េនស្ថិតក្នុងស្ថានភាពមិនអំណោយផល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Suzuki ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រសួងហិរញ្ញវត្ថុជប៉ុនថា៖ «អត្រាប្តូររូបិយប័ណ្ណគួរតែត្រូវបានកំណត់ដោយទីផ្សារដោយឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះនានា។ លោក Suzuki បានបន្ថែមថា លោកនឹងមិនធ្វើអត្ថាធិប្បាយលើកម្រិតនៃការប្រែប្រួលរូបិយប័ណ្ណបរទេសនោះទេ។

លោកមានប្រសាសន៍ថា៖ «ការប្រែប្រួលខ្លាំងគឺជាអ្វីដែលមិនចង់បាន។ រូបិយប័ណ្ណគួរតែប្រែប្រួលក្នុងកម្រិតប្រកបដោយស្ថិរភាពដែលឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះនានា។ ដោយផ្តោតលើបញ្ហានេះ យើងនឹងបន្តរក្សាការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទៅលលើការប្រែប្រួលទីផ្សារ»

ការលើកឡើងចុងក្រោយបំផុតនេះទៅកាន់ទីផ្សារកើតមានឡើងក្នុងគ្រាដែលមានការព្រួយបារម្ភពីសំណាក់ក្រុមអ្នកបង្កើតគោលនយោបាយដែលថា គ្រួសារជប៉ុនកំពុងរងទុក្ខដោយសារការធ្លាក់ចុះថ្លៃប្រាក់យ៉េនដែលជំរុញឱ្យតម្លៃទំនិញនាំចូលកើនឡើង។

ផ្ទុយមកវិញ ការធ្លាក់ថ្លៃរបស់ប្រាក់យ៉េនបានជួយជំរុញប្រាក់ចំណេញរបស់ក្រុមហុននាំចេញ ដោយជំរុញឱ្យតម្លៃភាគហ៊ុនឡើងដល់កម្រិតខ្ពស់រយៈពេល ៣៣ឆ្នាំ។ ប្រាក់យ៉េនមានតម្លៃថេរកាលពីថ្ងៃសុក្រដោយជួញដូរក្នុងតម្លៃ ១៤៣.០៥យ៉េនក្នុងមួយដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕