(កូឡុំបូ)៖ មន្ត្រីស្រីលង្កាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រថា ប្រទេសស្រីលង្កាគ្រោងនឹងចាប់ផ្តើមដោះដូរតែជាមួយប្រទេសអ៊ីរ៉ង់នៅខែក្រោយជំនួសឱ្យទឹកប្រាក់ ២៥០លានដុល្លារដែលជំពាក់ថ្លៃប្រេង ខណៈប្រទេសដែលរងគ្រោះដោយវិបត្តិនេះព្យាយាមបង្កើនការលក់ទៅកាន់ទីផ្សារសំខាន់ និងការពារប្រាក់បម្រុងបរទេសរបស់ខ្លួន។
ការដោះដូរនេះបានព្រមព្រៀងគ្នានៅឆ្នាំ២០២១ សម្រាប់ប្រេងដែលនាំចូលក្នុងឆ្នាំ២០២២ ប៉ុន្តែការដោះដូរត្រូវបានពន្យារពេល បន្ទាប់ពីកង្វះខាតប្រាក់ដុល្លាររបស់ប្រទេសស្រីលង្កាកាលពីឆ្នាំមុនបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៧ទសវត្សរ៍។
លោក Niraj de Mel ប្រធានក្រុមប្រឹក្សាភិបាលតែរបស់ប្រទេសស្រីលង្កាបានប្រាប់រ៉យទ័រថា៖ «ការដោះដូរនេះធ្វើឡើងទាន់ពេលវេលាសម្រាប់យើងពីព្រោះយើងមានលទ្ធភាពចូលទៅកាន់ទីផ្សារដ៏សំខាន់មួយ ហើយទាំងអ៊ីរ៉ង់និងស្រីលង្កាអាចធ្វើពាណិជ្ជកម្មដោយមិនពឹងផ្អែកលើប្រាក់ដុល្លារ»។
លោកមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះគឺដើម្បីនាំចេញតែដែលមានតម្លៃ ៥លានដុល្លារក្នុងមួយខែសម្រាប់រយៈពេល ៤៨ខែ ប៉ុន្តែយើងមានគម្រោងចាប់ផ្តើមជាមួយនឹងទឹកប្រាក់ប្រហែល ២លានដុល្លារក្នុងមួយខែជាមិនសិន»។
តែសីឡូន (Ceylon Tea) ដ៏ពេញនិយមនៅទូទាំងពិភពលោកគឺជាដំណាំដែលរកចំណូលបានពីបរទេសខ្ពស់បំផុតរបស់ប្រទេសស្រីលង្កា ដោយបង្កើតប្រាក់ចំណូលបាន ១,២៥ពាន់លានដុល្លារសម្រាប់ប្រទេសនេះកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។
អ៊ីរ៉ង់គឺជាអតិថិជនតែដ៏សំខាន់មួយរបស់ប្រទេសស្រីលង្កា ប៉ុន្តែការនាំចេញបានធ្លាក់ចុះជាលំដាប់ពី ១២៨លានដុល្លារក្នុងឆ្នាំ២០១៨ មកនៅត្រឹម ៧០លានដុល្លារកាលពីឆ្នាំមុន ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ប៉ះពាល់ដល់ពាណិជ្ជកម្មនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕