(ហ៊ូស្តុន)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃសុក្រ ខណៈដែលពាណិជ្ជករព្រួយបារម្ភថា ការដំឡើងអត្រាការប្រាក់អាចកាត់បន្ថយតម្រូវការប្រេង បើទោះបីជាមានសញ្ញានៃការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង រួមទាំងស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកទាបក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រេងឆៅប្រភេទ Brent កាលពីថ្ងៃសុក្របានបិទការជួញដូរដោយធ្លាក់ចុះ ២៩សេន ឬ ០,៤ភាគរយ មកនៅត្រឹម ៧៣,៨៥ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ចុះ ៣៥សេន ឬ ០,៥ភាគរយមកនៅត្រឹម ៦៩,១៦ដុល្លារក្នុងមួយបារ៉ែ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះថ្លៃប្រហែល ៣ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធនាគារកណ្តាលអង់គ្លេសបានដំឡើងអត្រាការប្រាក់ខ្ពស់ជាងការរំពឹងទុក។ ធនាគារកណ្តាលនៅប្រទេសន័រវែស និងស៊្វីសក៏បានដំឡើងអត្រាការប្រាក់ផងដែរ។
តម្លៃប្រេងគោលទាំងពីរនេះបានធ្លាក់ចុះជាង ៣,៥ភាគរយសម្រាប់សប្តាហ៍នេះ។
ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកថែមទៀតក៏ហាក់ដូចជាទំនងកើតមានផងដែរ។ ប្រធានធនាគារកណ្តាលទីក្រុងសានហ្រ្វានស៊ីស្កូ (San Francisco) អ្នកស្រី ម៉ារី ដាលី (Mary Daly) បាននិយាយថា ការដំឡើងអត្រាការប្រាក់ពីរលើកបន្ថែមទៀតនៅឆ្នាំនេះគឺជាការព្យាករ «ដ៏សមហេតុផល»។
លោក Dennis Kissler អនុប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុន BOK Financial បានថ្លែងថា៖ «វាហាក់បីដូចជាមានការកើនឡើងការងាកចេញពីហានិភ័យក្នុងការជួញដូរប្រេងឥឡូវនេះ ដែលបង្កឡើងដោយសារការកើនឡើងអត្រាការប្រាក់នៅសហភាពអឺរ៉ុប និងការខកចិត្តចំពោះវិធានការជំរុញសេដ្ឋកិច្ចនៅប្រទេសចិន»។
អត្រាការប្រាក់កាន់តែខ្ពស់បង្កើនការចំណាយលើការខ្ចីប្រាក់សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ ដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច និងកាត់បន្ថយតម្រូវការប្រេង៕