(ភ្នំពេញ)៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លៃឲ្យដឹងថា បច្ចុប្បន្ននេះប្រសិនបើបងប្អូនចង់វិនិយោគលើវិស័យអចលនទ្រព្យ ដែលផ្ដល់ផលចំណេញអ្នកវិនិយោគគួរតែមានថវិកាផ្ទាល់ខ្លួន និងវិនិយោគក្នុងរយៈពេលវែងចាប់ពី៥ឆ្នាំទៅ ទើបអាចទទួលបានផលចំណេញច្រើន។
ការលើកឡើងរបស់លោក សន សៀប ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
លោក សន សៀប បានឲ្យដឹងថា «ការវិនិយោគត្រូវបានបែងចែកជា ៣ប្រភេទរួមមាន ការវិនិយោគរយៈខ្លី ក្នុងអំឡុងពេលមួយឆ្នាំចុះក្រោម, មធ្យម ក្នុងរយៈពេល៣-៥ឆ្នាំ និងរយៈពេលវែងក្នុងអំឡុងពេល៥ឆ្នាំឡើងទៅ ដូច្នេះពេលវេលាដ៏ល្អសម្រាប់វិនិយោគ គឺរយៈពេលវែង និងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ក៏ព្រោះថាប្រសិនបើអ្នកវិនិយោគមានថវិកាផ្ទាល់ខ្លួន អាចមានជម្រើសច្រើន ក្នុងការទិញអចលនទ្រព្យ ដោយសារតែបច្ចុប្បន្ននេះ អ្នកទិញអាចទិញបានតម្លៃល្អ តម្លៃទាបជាទីផ្សារ និងអាចរចាតម្លៃបានល្អ អាចទិញបានទីតាំងល្អ ចំណែកអចលនទ្រព្យដែលនឹងទិញហើយ ផ្ដល់ផលចំណេញមកវិញក៏អាចទិញបាន»។
លោកបានបន្ដថា បច្ចុប្បន្នវិស័យអចលនទ្រព្យ កំពុងជួបបញ្ហាប្រឈមមួយចំនួន គឺភាពឆ្អែកនៃទីផ្សារ ការរីកដុះដាលនៃវិស័យសំណង់ទាំងក្នុងក្រុង និងក្រៅក្រុង មាន ខុនដូ បុរី អគារពាណិជ្ជកម្ម ការរិយាល័យជាដើម ដែលកំពុងរីកដុះដាល និងវិវត្តន៍លឿនពេកអត់ស្របនឹងតម្រូវការជាក់ស្ដែង ធ្វើឲ្យមានបញ្ហា គឺភាពឆ្អែតនៃទីផ្សារ។
លោក សន សៀប ក៏បានពន្យល់អំពីតម្រូវការជាក់ស្ដែង ដែលចេកចេញជា ២ប្រភេទរួមមាន តម្រូវការក្នុងស្រុក និងតម្រូវការក្រៅស្រុក។
លោកបានបញ្ជាក់ថា ចំពោះតម្រូវការក្នុងស្រុក អ្នកអភិវឌ្ឍន៍អាចប៉ាន់ស្មានបានថា មានតម្រូវការប៉ុន្មាន ប៉ុន្ដែតម្រូវការមកពីក្រៅស្រុក មិនមានច្បាស់លាស់នោះទេ។ មួយវិញទៀតអ្នកអភិវឌ្ឍន៍ ប្រភេទសំណង់មួយចំនួន មិនត្រូវនឹងតម្រូវការទីផ្សារក្នុងស្រុក គឺតម្រូវទីផ្សារក្រៅស្រុកប៉ុណ្ណោះ ដូច្នេះនៅពេលមានវិបត្តិ ដូចជាបញ្ហាសកលនៃជំងឺកូវីដ១៩ កង្វះអ្នកប្រើប្រាស់ កង្វះអ្នកជួល ដែលបណ្ដាលឲ្យមានភាពឆ្អែតនៃទីផ្សារ និងលើសតម្រូវការ៕