(ភ្នំពេញ)៖ សហគ្រិនខ្មែរដែលជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។

កម្មវិធីនេះបានប្រព្រឹត្ដទៅនៅសហគ្រិនខ្មែរ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។

នៅក្នុងឆ្នាំ២០២៣នេះ ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន២៧ ក្នុងចំណោមបេក្ខភាព២៦៥ បានដាក់ពាក្យស្នើសុំហិរញ្ញប្បទាននៅក្នុងកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ទីផ្សារនាំចេញ។

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរមានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូចនិងមធ្យម ដែលទទួលផលប៉ះពាល់ពីកូវីដ១៩ ក្នុងការរក្សាលំនឹងនិងចាប់យកឱកាសថ្មីក្នុងការពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។ កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញមានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូចនិងមធ្យម ដែលបាននិងកំពុងរៀបចំគម្រោងនាំយកផលិតផលខ្មែរដែលមានសក្ដានុពលទៅកាន់ទីផ្សារក្រៅប្រទេស។

លោក វង្សី វិស្សុត បានថ្លែងថា
រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរបានយកចិត្តទុកដាក់នៅក្នុងកិច្ចការអភិវឌ្ឍសហគ្រិនភាព ដែលជាសកម្មភាពអាទិភាពសម្រាប់ផ្ដល់ឱកាសជូនសហគ្រិនក្នុងការលូតលាស់អាជីវកម្ម បង្កើនគុណតម្លៃបន្ថែម ការងារ នវានុវត្តន៍ និងបន្តប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

គួរកត់សម្គាល់ថា សហគ្រិនខ្មែរមានកម្មវិធីជាច្រើនទៀតដែលបាននិងកំពុងអនុវត្ដ និងផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ តាំងពីឆ្នាំ២០២០ ហើយបានគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមសរុបចំនួន៤០៤ ដែលមកពីបណ្ដារាជធានី-ខេត្ដនានាក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា សហគ្រិនខ្មែរដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ ១-វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី ២-វិស័យសេវាកម្ម ផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន ៣-វិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និង៤-វិស័យកម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម៕