(បាងកក)៖ ការវិនិយោគបរទេសក្នុងប្រទេសថៃ បានកើនឡើងដល់ ៤៥,១ពាន់លានបាត (ប្រហែល ១,២៩ពាន់ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយប្រទេសជប៉ុនបាននាំមុខគេ ក្នុងបញ្ជីនេះខាងផ្នែកការចំណាយលើការអភិវឌ្ឍអាជីវកម្ម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់របាយការណ៍ របស់ក្រសួងពាណិជ្ជកម្មថៃថា តម្លៃវិនិយោគរបស់ប្រទេសជប៉ុនមានចំនួនសរុប ១៥,៩ពាន់លានបាត (៤៥៣លានដុល្លារ) ប្រទេសចិនជាប់ចំណាត់ថ្នាក់ទី២ ដោយមានតម្លៃវិនិយោគចំនួន ១១,៥ពាន់លានបាត (៣២៨លានដុល្លារ) បន្ទាប់មកសិង្ហបុរីមានចំនួន ៦,៣៥ពាន់លានបាត (១៨១លានដុល្លារ)។
លោក Thosapone Dansuputra អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម បាននិយាយថា គណៈកម្មាធិការពាណិជ្ជកម្មបរទេសស្ថិតក្រោមច្បាប់ពាណិជ្ជកម្មបរទេសបានផ្តល់ការអនុញ្ញាតដល់ពាក្យស្នើសុំវិនិយោគសរុបចំនួន ២៧៤ពាក្យស្នើសុំក្នុងរយៈពេលប្រាំខែដំបូងក្នុងឆ្នាំ២០២៣ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការវិនិយោគដែលមានទឹកប្រាក់ចំនួន ៤៥,៣ពាន់លានបាតនេះធ្លាក់ចុះ ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការវិនិយោគទាំងនេះបង្កើតឱ្យមានការងារធ្វើដល់ពលករថៃចំនួន ២ ៩៩៩នាក់ ថយចុះចំនួន ២៣នាក់។ វិនិយោគិនបរទេសកំពូលទាំងប្រាំរួមមានប្រទេសជប៉ុន ចិន សិង្ហបុរី ទីក្រុងហុងកុង និងសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕