(ប៉េកាំង)៖ ប្រទេសចិនបានដាក់ចេញកញ្ចប់ថវិកាចំនួន ៥២០ពាន់លានយន់ (៧២,៣ពាន់លានដុល្លារ) នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីជំរុញការលក់រថយន្តអគ្គិសនី និងរថយន្តបៃតងផ្សេងទៀតក្នុងរយៈពេល ៤ឆ្នាំខាងមុខ ក្នុងគោលបំណងជំរុញតម្រូវការរថយន្តដែលកំពុងធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កញ្ចប់ថវិកានេះ ដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលចិនបានសន្យាដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់ឧស្សាហកម្មរថយន្តបៃតង បានកើតមានឡើងនៅពេលដែលការលក់រថយន្តធ្លាក់ចុះ នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក នេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច ដែលកំពុងបាត់បង់សន្ទុះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុចិនថា រថយន្តថាមពលថ្មី (NEVs) ដែលត្រូវបានទិញនៅឆ្នាំ២០២៣ និង ២០២៥ នឹងត្រូវបានលើកលែងពន្ធលើការទិញ ដែលមានទឹកប្រាក់រហូតដល់ ៣០ ០០០យន់ (ប្រហែល ៤ ២០០ដុល្លារ) ក្នុងមួយរថយន្ត ហើយនឹងលើកលែងពន្ធពាក់កណ្តាល សម្រាប់ការទិញដែលធ្វើឡើងក្នុងឆ្នាំ២០២៦ និង២០២៧។
លោក Xu Hongcai អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយថា ទឹកប្រាក់ពីការលើកលែងពន្ធសរុបនឹងមានចំនួន ៥២០ពាន់លានយន់។
វិធានការនេះគឺជាការបន្តគោលនយោបាយបច្ចុប្បន្ន ដែលស្ថិតក្រោមគោនយោបាយនេះ រថយន្តថាមលថ្មី ដែលរួមមានរថយន្តអគ្គិសនី (អគ្គិសនីសុទ្ធ) រថយន្តកូនកាត់ (អគ្គិសនី+សាំង) និងរថយន្តប្រើថាមលអ៊ីដ្រូសែន ត្រូវបានលើកលែងពន្ធលើការទិញរហូតដល់ដំណាច់ឆ្នាំ២០២៣។
លោក Cui Dongshu អគ្គលេខាធិការសមាគមរថយន្តដឹកអ្នកដំណើរចិនបានមានប្រសាសន៍ ថា «ការបន្តរយៈពេល ៤ឆ្នាំទៀតលើសពីការរំពឹងទុករបស់ទីផ្សារ»។
លោកបានបន្ថែមថា ការបន្តលើកលែងពន្ធដែលមានទឹកប្រាក់ដ៏ច្រើននេះបង្ហាញថា វិធានការជំរុញបន្ថែមមិនទំនងជានឹងកើតមានឡើយ៕