(វ៉ាស៊ីនតោន)៖ ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បាននិយាយកាលពីថ្ងៃពុធថា ការដំឡើងអត្រាការប្រាក់បន្ថែម របស់សហរដ្ឋអាមេរិកទំនងជានឹងធ្វើឡើង ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ ខណៈដែលលោកត្រៀមខ្លួន ផ្តល់សក្ខីកម្មនៅចំពោះមុខសភាជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ការបង្ហាញខ្លួនរបស់ Powell នៅចំពោះមុខរដ្ឋសភា និងព្រឹទ្ធសភាកើតឡើងភ្លាមៗ បន្ទាប់ពីគណៈកម្មាធិការទីផ្សារបើកចំហរ សហព័ន្ធ (FOMC) របស់ធនាគារកណ្តាលអាមេរិក បានបោះឆ្នោតរក្សាអត្រាការប្រាក់នៅដដែល បន្ទាប់ពីបានដំឡើង ១០លើកជាប់គ្នា ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។
លោក Powell បានឱ្យដឹងនៅក្នុងសុន្ទរកថាដែលត្រូវបានរៀបចំឡើងសម្រាប់ថ្លែង ទៅកាន់គណៈកម្មាធិការសេវាហិរញ្ញវត្ថុរបស់រដ្ឋសភាថា «ស្ទើរតែអ្នកចូលរួមមកពី FOMC ទាំងអស់រំពឹងថា វានឹងសមស្របក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត នៅចុងឆ្នាំនេះ»។
ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនរួចហើយចំនួន ៥ពិន្ទុភាគរយគិតចាប់តាំងពីខែមីនា ឆ្នាំ២០២២ ពីអត្រាជិតសូន្យភាគរយដល់ចន្លោះពី ៥ ទៅ ៥,២៥ភាគរយ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Powell បាននិយាយកាលពីថ្ងៃពុធថា ប៉ុន្តែទោះបីជាមានការដំឡើងអត្រាការប្រាក់ដ៏ដក់ក្រហល់ក៏ដោយ ក៏អតិផរណានៅតែខ្ពស់ជាង គោលដៅរយៈពេលវែងរបស់ធនាគារកណ្តាល ដែលមានអត្រា ២ភាគរយ។
ការបង្ហាញខ្លួនតាមការគ្រៀងទុករបស់លោក Powell នៅចំពោះមុខសភាដើម្បីពិភាក្សាអំពីរបាយការណ៍ពាក់កណ្តាលឆ្នាំ របស់ធនាគារកណ្តាល ស្តីពីគោលនយោបាយរូបិយវត្ថុ ផ្តល់ឱ្យអ្នកបង្កើតគោលនយោបាយនូវឱកាស ដើម្បីសាកសួរមន្ត្រីជាន់ខ្ពស់បំផុត របស់ធនាគាររូបនេះ នៅពេលដែលមានអត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច៕