(កំពង់ឆ្នាំង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្ត​ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទី ដំឡូង ឈ្វា ស្រូវ ចិញ្ចឹមសត្វ និងដាំបន្លែ ជូនដល់បងប្អូនប្រជាកសិករ នៅខេត្តកំពង់ឆ្នាំង ដើម្បីជំរុញឱ្យការដាំដុះរបស់កសិករកាន់តែរីកចម្រើន ជាពិសេសដំណាំស្វាយចន្ទី ស្របពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តដាក់ និងជំរុញការនាំចេញផលិតផលកែច្នៃ។

កម្មវិធីចុះ​សំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី នៅខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣​ ​ធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនប្រជាកសិករកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និងអនុញ្ញាតឱ្យលើកអំពីសំណូមពរ មកធនាគារ ARDB ។

លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់បងប្អូនក្នុងករណីបងប្អូន ប្រជាកសិករ ឬបណ្តុំផលិតណាម្នាក់ ចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ដែលមានគុណភាព ទិញថ្នាំ ដែលអាចយកមកប្រើមិនប៉ះពាល់សុខភាពរបស់ខ្លួន និងអ្នកដែលទទួលទានចុងក្រោយ ​និងសម្រាប់​សាងសង់ឃ្លាំងស្តុកលានហាល និងម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីជាដើម។

​លោកបណ្ឌិតបានណែនាំដល់​បងប្អូនប្រជាកសិករឱ្យផ្លាស់ប្តូរផ្នត់គំនិត កែប្រែពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ ​ទៅជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។ ការណ៍នេះ ​លោកបណ្ឌិត លើកទឹកចិត្តឱ្យបងប្អូន ត្រូវធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ ដែលអាចរៀនបានតាមរយៈ យូធូប ជាដើម ដើម្បីទទួលបានចំណេះដឹងថ្មីៗ។  

លោកបណ្ឌិត កៅ ថាច បន្ថែមថា បងប្អូនប្រជាកសិករ គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ​ ​ក៏ដូចជាចេះជ្រើសរើសដំណាំដាំតាមរដូវ និងមានទីផ្សារ។

ទន្ទឹមគ្នានេះដែរលោកថែមទាំងបានណែនាំ ឱ្យបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី ដើម្បីឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់​ និងកុំទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាច​​ដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ  និងមានតម្រូវការ ព្រមទាំងកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ ឱ្យឆ្លៀតចញ្ចឹមសត្វបន្ថែម ដើម្បីទទួលបានចំណូលបន្ថែម។ 

លោកបណ្ឌិត កៅ ថាច​ បានជំរុញឱ្យមានការចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិត និងត្រូវរៀបចំផែនការណ៍ដាំដុះ, រៀបចំផែនការចិញ្ចឹម ផែនការប្រមូលផល ដើម្បីមានលទ្ធភាពផ្គត់ផ្គង់លក់ជាប់លើទីផ្សារ។ ការណ៍នេះសំខាន់ណាស់ ​ បើបងប្អូនអាចធ្វើបាននោះបងប្អូនពិតជាទទួលបាន ផលចំណេញច្រើន និងមានចំណូលចូលគ្រួសារ។

ជាមួយគ្នានេះលោកអំពាវនាវ ដល់បងប្អូនប្រជាកសិករ សហគនម៍កសិកម្ម ទាំងអស់ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទាំងអស់គ្នា កុំបីខានផងដែរ៕