(ភ្នំពេញ)៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ដំណើរការ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីសម្រួល និងសម្រាលបន្ទុករបស់ធុរជន ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា​ និងដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា​ ខណៈមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសហគ្រាសជាង២ម៉ឺនហើយ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យានេះ។

ពិធីដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ បានរៀបចំឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសមាគម និងដៃគូអភិវឌ្ឍន៍។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាល​ សេដ្ឋកិច្ច និង សង្គមឌីជីថល។​ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ទាំង ៣ ដំណាក់កាលកន្លងមក ​បានជួយដល់ការកាត់បន្ថយនូវនីតិវិធី, ថិរវេលា និងថវិកា ក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរមា ដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន ។ ​ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងកែសម្រួលនិងបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់ នៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន​ ជាពិសេស មុខងារដែលអនុញ្ញាតឱ្យធុរជន និង វិនិយោគិន អាចលើកឡើងអំពីបញ្ហាប្រឈម និង ផ្តល់មតិ​យោបល់កែលម្អ ក្នុងន័យស្ថាបនា។

អគ្គបណ្ឌិតសភាចារ្យថ្លែងបន្តថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​ដំណាក់កាលទី១ បានអនុញ្ញាតឱ្យគ្រប់ក្រុមហ៊ុន​ សហគ្រាស អាចចុះបញ្ជីជាកញ្ចប់ជាមួយនឹងក្រសួង-ស្ថាប័ន ចំនួន ៣ រួមមាន ៖ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាចចុះបញ្ជីជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project - QIP) ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះក្រសួងមហាផ្ទៃក៏បានផ្ដល់កិច្ចសហការ ក្នុងការផ្តល់ទិន្នន័យអត្តសញ្ញាណកម្ម សម្រាប់ការបង្កើតគណនីរួម (Single Sign-On) ចូលប្រើប្រាស់ផតថលផងដែរ។

ចំណែកដំណាក់កាលទី២ បានអនុញ្ញាតឱ្យក្រុមហ៊ុន-សហគ្រាស អាចស្នើសុំអាជ្ញាបណ្ណ​ វិញ្ញាបនបត្រ និង លិខិតអនុញ្ញាតជំនាញផ្សេងៗ នៅក្រសួង-ស្ថាប័ន ចំនួន ៤ បន្ថែម រួមមាន ៖ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, និងនិយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

រីឯដំណាក់កាលទី ៣ នេះ គឺជាបង្គោលចរថ្មីមួយទៀត នៃការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នលបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន រហូតដល់ ១២រួមមាន៖ ក្រសួងពាណិជ្ជកម្ម,ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងយុត្តិធម៌,ក្រសួងអប់រំ យុវជន និងកីឡា,ធនាគារជាតិនៃកម្ពុជា,បេឡាជាតិសន្តិសុខសង្គម,និយ័តករធានារ៉ាប់រងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,និយ័តករទូរគមនាគមន៍កម្ពុជា និយ័តករគណនេយ្យ និង សវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ​ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។ ក្នុងនោះ​​ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ន ចំនួន ៧ នឹងអាចដំណើរការចាប់ពីថ្ងៃនេះតទៅ​ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ន ចំនួន ៥ ទៀត នឹងអាចដាក់ឱ្យដំណើរការ នៅចុងខែ កក្កដាឆ្នាំ ២០២៣ ខាងមុខនេះ។

អគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា «បច្ចុប្បន្ននេះ​ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម ទាំង ៣ ដំណាក់កាល ត្រូវបានដាក់ឱ្យអនុវត្តលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ឬ ហៅកាត់ថា ថ្នាល CamDX) ។ ថ្នាល CamDX នេះ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានឈានមុខមួយនៅកម្ពុជា ដែលទើបទទួលបានជ័យលាភី «ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ» (Open Source Adaptation of the Year) ពីកម្មវិធីពានរង្វាន់អនាគតនៃរដ្ឋាភិបាល (Future of Government Awards) ប្រចាំឆ្នាំ ២០២២។ ជាមួយនឹងការដាក់ឱ្យដំណើរការនូវដំណាក់កាលទី៣ នៅថ្ងៃនេះ​ ក្រសួង-ស្ថាប័ន ដែលប្រើប្រាស់ថ្នាល CamDX ដើម្បីផ្តល់សេវាសាធារណៈ នឹងមានចំនួនសរុប ១៩»

លោកបណ្ឌិត ផាន់ ផល្លា​ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានប្រសាសន៍ថា ក្រុមការងារអន្តរក្រសួងបានចាប់ផ្តើមគិតគូរ រៀបចំដំណាក់់កាលទី៣នេះ តាំងពីដើមឆ្នាំ២០២២ ដោយពេលនៅនោះក្រុមការងារអន្តរក្រសួងកំណត់បា នក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៨ ​ដែលមានលទ្ធភាពខ្ពស់ ក្នុងការចូលរួម ប៉ុន្តែក្រោយមកក៏​កំណត់បានក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៤បន្ថែមទៀត។ ក្រោយ​ការរៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសារ ក្រុមការងារអន្តរក្រសួង សម្រេចដាក់បញ្ចូលសេវាសាធារណៈថ្មីចំនួន១៤ នៃក្រសួងស្ថាប័នចំនួន១២​។

លោកបន្ថែមថា «ដូចគ្នានឹងដំណាក់កាលទី១ និងទី២ ដើម្បីសម្រួលដល់ការបង្កើតអាជីវកម្ម ស្របច្បាប់របស់វិស័យឯកជនឱ្យបានជាអតិបរមា ការផ្តល់សេវាទាំង១៤ នៅក្នុងដំណាក់កាលទី៣នេះ ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយក្រសួងស្ថាប័នជាច្រើន បានកាត់បន្ថយនីតិវិធី ថ្លៃសេវា និងរយៈពេលនៃការផ្តល់សេវា។ ដោយឡែកក្រសួងស្ថាប័នមួយចំនួនតូចផ្សេងទៀតដែលធ្លាប់បានកំណត់ថ្លៃសេវា និងរយៈពេលទាបរួចហើយ មិនទាន់កាត់បន្ថយនៅឡើយទេ ប៉ុន្តែនឹងបន្តពិនិត្យលទ្ធភាពកាត់បន្ថយនៅពេលខាងមុខ»

លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបច្ចេសទេសអន្តរក្រសួង រៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យានេះ មានចំនួន ២៦ ២៣២ ក្រុមហ៊ុន ផ្តល់អាជ្ញាបណ្ណជំនាញ ៦១៩ ដែលមានទឹកប្រាក់ ៧.៧៩ លានដុល្លារ។

គួរជម្រាបថា ​សម្រាប់ការចូលស្នើសុំសេវាណាមួយលើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​ ធុរជនអាចចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ដែលជាគេហទំព័រប្រមូលផ្ដុំសេវាទាំងអស់ ដែលបានចូលរួមក្នុងការងារទាំង ៣ ដំណាក់កាល ។

ដោយមានការផ្លាស់ប្ដូរទិន្នន័យ តាមរយៈថ្នាល CamDX, ធុរជនដែលបានចុះបញ្ជីអាជីវកម្មក្រោយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ (Single Portal) នឹងមិនចាំបាច់វាយបញ្ចូលព័ត៌មានដែលធ្លាប់បានវាយបញ្ចូលហើយក្នុងប្រព័ន្ធ Single Portal ទៀតទេ នៅពេលស្នើសុំសេវាផ្សេងទៀត ក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងដំណាក់កាលទី ២, ទី ៣ និងដំណាក់កាលបន្តបន្ទាប់ទៀត។ ធុរជនគ្រាន់តែវាយបញ្ចូលលេខសម្គាល់អត្តសញ្ញាណសហគ្រាស (Single ID) នោះព័ត៌មានដែលធ្លាប់ចុះបញ្ជីពីមុន នឹងបង្ហាញលើពាក្យស្នើសុំ ដោយស្វ័យប្រវត្តិ៕