(ភ្នំពេញ)៖ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីអត្ថប្រយោជន៍ដែលសហគ្រាសនឹងទទួលបាន បន្ទាប់ពីបានចុះបញ្ជីពន្ធដារ និងបានលើកទឹកចិត្ត ដល់អ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់ ចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ។
ការជំរុញរបស់លោកបណ្ឌិត កែន សម្បត្តិ ធ្វើឡើងក្នុងកម្មវិធីកិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវាពន្ធដារ ជូនសហគ្រាសទិញ-លក់រថយន្ត ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីលោកឧកញ៉ា ឈុន គឹមស្រ៊ុន ជាប្រធានសមាគម អ្នកលក់យានយន្តកម្ពុជា និងសមាជិក សមាជិកានៃសមាគមអ្នកលក់យានយន្តកម្ពុជាសរុបចំនួន៥០រូប។
កិច្ចប្រជុំនេះជាវេទិកាពិភាក្សា ក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានា ស្វែងរកមធ្យោបាយ ដើម្បីជំរុញអ្នកប្រកបអាជីវកម្មលក់យានយន្ត ចូលខ្លួនចុះបញ្ជីពន្ធដារ បំពេញកាតព្វកិច្ចសារពើពន្ធ និងធ្វើការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីពន្ធដារ ការបំពេញកាតព្វកិច្ចសារពើពន្ធ ក៏ដូចជាឆ្លើយតបនូវរាល់ចម្ងល់របស់សមាជិក នៃសមាគមអ្នកលក់យានយន្តកម្ពុជា ប្រកបដោយសង្គតិភាពជាមួយព័ត៌មានត្រឹមត្រូវ ចៀសវាងភាពស្រពេចស្រពិល កន្លងមកអ្នកប្រកបអាជីវកម្មមួយចំនួន មានការភាន់ច្រឡំចំពោះការបំពេញកាតព្វកិច្ចសារពើពន្ធ។
លោកបណ្ឌិតអគ្គនាយករង បានបង្ហាញពីអត្ថប្រយោជន៍ នៃការចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសរួមមាន៖
១៖ មានឈ្មោះជាសហគ្រាស បានអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់
២៖ ចៀសផុតពីការចុះបញ្ជីជាឯកតោភាគី។
៣៖ ទទួលបាននូវសេវាផ្តល់ព័ត៌មានជាប្រចាំ អំពីដំណើរការនៃប្រព័ន្ធពន្ធដារ និង នីតិវិធីនៃការកំណត់ពន្ធ ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ។
៤៖ សម្រាប់យន្តការអាករលើតម្លៃបន្ថែម នៅពេលលក់ឱ្យអតិថិជនជាបុគ្គលជាប់អាករ បុគ្គលនោះអាចទទួលបានអាករលើធាតុចូល ដើម្បីធ្វើការកាត់កងជាមួយអាករលើធាតុចេញ។
៥៖ ចំពោះចំណាយរបស់បុគ្គលជាប់អាករនោះ អាចអនុញ្ញាតឱ្យកាត់កងបាន។
៦៖ ទទួលបានការលើកទឹកចិត្តផ្សេងៗ ស្របតាមគោលនយោបាយផ្នែកពន្ធដារ របស់រាជរដ្ឋាភិបាល។
៧៖ ការប្រកួតប្រជែងដោយស្មើភាពរវាងអាជីវកម្ម និងអាជីវកម្ម។
៨៖ អាចទទួលបានការទុកចិត្ត ពីអ្នកវិនិយោគទុនក្នុង និងក្រៅប្រទេស ក្នុងការសម្រេចធ្វើការវិនិយោគជាមួយសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធ។
៩៖ អាចប្រើប្រាស់វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងប័ណ្ណពន្ធប៉ាតង់ ក្នុងកិច្ចធានាក្នុងគោលដៅ ផ្សេងដូចជា ការស្នើសុំហិរញ្ញប្បទានពីធនាគារពាណិជ្ជ សម្រាប់ពង្រីកអាជីវកម្ម ឬការស្នើសុំទិដ្ឋាការចូលប្រទេសនានា។
១០៖ អាចចូលរួមដេញថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវា ដោយប្រើប្រាស់ថវិការដ្ឋ។
១១៖ ចូលរួមចំណែកក្នុងការបង់ពន្ធ ចូលថវិការដ្ឋ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យបានរីកចម្រើន សំដៅលើកកម្ពស់កិត្យានុភាព ឱ្យកាន់តែខ្ពស់ត្រដែត នៅលើឆាកអន្តរជាតិនៃកម្ពុជា។
១២៖ អត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។
បណ្ឌិត កែន សម្បត្តិ បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានសហគ្រាសប្រកបអាជីវកម្ម លក់យានយន្តចំនួន ៥១៨សហគ្រាស ហើយដែលបានចុះបញ្ជីពន្ធដាររួចរាល់ និងកំពុងបំពេញកាតព្វកិច្ចសារពើពន្ធនៅកម្ពុជា។
លោកបណ្ឌិតក៏បានអំពាវនាវ ដល់អ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់ ជាសមាជិក និងមិនមែនជាសមាជិកសមាគម ព្យាយាមឈ្វេងយល់ឱ្យកាន់តែច្បាស់ថែមទៀត នូវបទប្បញ្ញត្តិ នីតិវិធីនៃការចុះបញ្ជីពន្ធដារ ការបំពេញកាតព្វកិច្ចសារពើពន្ធ និងលើកទឹកចិត្តអ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់នៅកម្ពុជា ចូលខ្លួនចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់វប្បធម៌បង់ពន្ធ និងអនុលោមភាពសារពើពន្ធនៅកម្ពុជា។
លោក ហេង សុខណាង អគ្គនាយករងពន្ធដារ បានថ្លែងថា កិច្ចប្រជុំនេះឆ្លុះបញ្ចំាងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការឈ្វេងយល់ ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត នូវកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធ របស់អ្នកលក់យានយន្តនៅកម្ពុជា។
លោកសូមលើកលើកទឹកចិត្ត ដល់សមាជិកនៃសមាគមអ្នកលក់យានយន្តកម្ពុជា ឱ្យចូលរួមជំរុញ និងចងក្រងពង្រីកសមាជិកឱ្យបានកាន់តែច្រើន ដើម្បីចូលរួមចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ សំដៅធានានូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រវាងអ្នកប្រកបអាជីវកម្មលក់យានយន្តទាំងអស់៕