(សៀមរាប)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជួបសម្ដែងការគួរសម ជាមួយអនុប្រធានក្រុមហ៊ុន Yunnan Airport Group Co.,Ltd ដែលជាក្រុមហ៊ុនប្រតិបត្ដិករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី លោក Jia Suo ដែលទទួលបន្ទុកក្រុមហ៊ុនចំនួន២ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងគោលបំណង នៃការជួបសម្ដែងការគួរសមនេះ គឺតំណាងក្រុមហ៊ុន Yunnan Airport Group Co.,Ltd មករាយការណ៍អំពីវឌ្ឍនភាព និងអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្ដការងារ ដើម្បីឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយពិនិត្យផ្ដល់យោបល់ និងផ្ដល់ការណែនាំ ក្នុងជំរុញការងារ ការបញ្ចប់ការដ្ឋាន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា ពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក គឺអាកាសយានដ្ឋានអន្ដរជាតិសៀមរាបចាស់ មកអាកាសយានដ្ឋានថ្មី ទៅតាមការស្ម័គ្រចិត្ដរបស់បុគ្គលិក ហើយប្រតិបត្ដិករថ្មីនេះ ទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមកចង់បម្រើការងារ នៅអាកាសយានដ្ឋានថ្មីនេះ។

ដោយឡែក តួនាទី និងភារកិច្ច របស់បុគ្គលិកចាស់ គឺផ្ដល់ឲ្យដូចតួនាទី ដែលធ្លាប់ធ្វើកន្លងមក ប៉ុន្ដែចំពោះអ្នកដែលចង់ប្ដូរ ក៏មានការអនុញ្ញាតផងដែរ។ នេះការបញ្ជាក់បន្ថែម របស់លោក ស៊ិន ចាន់សិរីវុត្ថា។

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា, កិច្ចការទាំងអស់នេះ កំពុងតែមានដំណើរការយ៉ាងរលូន ប៉ុន្ដែក៏មានការបារម្ភ ដែលអាចត្រូវការពេលវេលាបន្ថែម ដើម្បីទទួលបាននូវបុគ្គលិកជំនាញទាំងអស់នេះ ហើយក្រុមហ៊ុនក៏មានសិទ្ធិ ជ្រើសរើសបុគ្គលិកខាងក្រៅ ដើម្បីបណ្ដុះបណ្ដាលជំនាញបន្ថែម ក្នុងករណីបុគ្គលិកមានការខ្វះខាត។

ក្នុងជំនួបនេះ ខាងតំណាងក្រុមហ៊ុន ក៏បានសំណូមពរ ឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយសម្របសម្រួល និងជួយជំរុញការបិទអាកាសយានដ្ឋានចាស់ ដើម្បីឈានទៅបើកអាកាសយានដ្ឋានថ្មី។ ខាងជំនាញ បានពិនិត្យតារាងកម្មវិធី និងពេលវេលា ដើម្បីកំណត់ពេលបិទអាកាសយានដ្ឋានចាស់ទាំងស្រុង។

ការទទួលបាននូវវិញ្ញាបនបត្រ ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតម្រូវឲ្យក្រុមហ៊ុន បំពេញនូវលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពមួយចំនួនធំ ហើយក្រុមហ៊ុនកំពុងតែរៀបចំ ដើម្បីបំពេញលក្ខខណ្ឌ និងសូមឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយផ្ដល់ការគាំទ្រ និងសម្របសម្រួលបន្ថែមទៀត ដើម្បីទទួលបាននូវវិញ្ញាបនបត្រនេះ មុននឹងបើកសម្ពោធជាផ្លូវការ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានជម្រាបជូនអំពីទស្សនទាន និងការគាំទ្រ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះការអនុវត្ដការងារនេះ គឺនឹងខិតខំ ជំរុញយ៉ាងម្ដេច ដើម្បីលទ្ធផលទទួលបានផ្លែផ្កា និងស្របទៅតាមកម្មវិធី ក្នុងការដាក់ដំណើរការអាកាសយានដ្ឋានថ្មី ជាផ្លូវការ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏សូមឲ្យក្រុមហ៊ុនបន្ដសហការ ដើម្បីសហការជាមួយក្រុមការងារ ក្នុងការបំពេញលក្ខខណ្ឌ និងបែបបទបច្ចេកទេសទាំងអស់ ឲ្យ​បានសមស្រប។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានទទួលយកសំណូមពរ និងបន្ដគាំទ្រ ដេីម្បីជំរុញការងារឲ្យបានលឿន ទៅតាមលទ្ធិភាពដែលធ្វេីបាន និងសូមឲ្យការងារបច្ចេកទេសសហការ ជាមួយក្រុមការងារបច្ចេកទេសអាកាសចរស៉ីវិល ដេីម្បីជំរុញល្បឿនឲ្យកាន់តែលឿន ក្នុងការដំណេីរការទាន់ពេលវេលា៕