(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្តាំផ្ញើដល់ធុរជនទាំងអស់ បន្តផ្តល់ជំនឿទុកចិត្ត លើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយសូមកុំស្ទាក់ស្ទើរ ក្នុងការបន្តពង្រីកការវិនិយោគនៅកម្ពុជា។
ការផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមក្នុងវេទិកា ស្តីពីបច្ចុប្បន្នភាពថ្មីៗស្តីពីពន្ធដារ (Amcham Tax Update: New Law on Taxation) ផ្តោតលើច្បាប់ស្តីពីសារពើពន្ធ(ថ្មី) នៅសណ្ឋាគារ OAKWOOD PREMIER PHNOM PENH នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
បន្ថែមពីនោះទៀត លោក គង់ វិបុល មានការជឿជាក់យ៉ាងមុតមាំ លើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាព នៃកំណើនសេដ្ឋកិច្ច ដែលបង្កបរិយាកាសល្អប្រសើរ សម្រាប់ការវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
លោក គង់ វិបុល មានការជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលជោគជ័យ សម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខ នឹងបន្តដឹកនាំរាជរដ្ឋាភិបាល នាអាណត្តិក្រោយនេះ ដោយបន្តអនុវត្តនូវគោលនយោបាយ ក្នុងការលើកទឹកចិត្ត បង្ក បរិយាកាសល្អប្រសើរ និងជំរុញទាក់ទាញការវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
លោក គង់ វិបុល បានបញ្ជាក់ថា ទោះបីជាឆ្នាំ២០២៣នេះ ជាឆ្នាំដែលកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្តី ក៏ស្ថានភាពចំណូលពន្ធដារ សម្រាប់រយៈពេល ៥ខែ ដើមឆ្នាំ២០២៣ សម្រេចបានយ៉ាងល្អប្រសើរ ដែលការណ៍នេះ បាននិងកំពុងឆ្លុះបញ្ចាំងអំពីជំនឿចិត្ត របស់ធុរជន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា។
ទន្ទឹមគ្នានេះ លោក គង់ វិបុល ក៏ផ្តាំផ្ញើដល់ធុរជនទាំងអស់ ជាពិសេស សមាជិក សមាជិកានៃសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM) បន្តផ្តល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយសូមកុំស្ទាក់ស្ទើរ ក្នុងការបន្តពង្រីកការវិនិយោគនៅកម្ពុជា
លោក គង់ វិបុល បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥.៦០%ហើយ ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់១០៥% នៅឆ្នាំ២០២៣៕