(សិង្ហបុរី)៖ អគ្គនាយកក្រុមហ៊ុន Grab Holdings ដែលមានមូលដ្ឋាននៅសិង្ហបុរីបានឱ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិកចំនួន ១ ០០០នាក់ឬស្មើនឹង ១១ភាគរយនៃបុគ្គលិកសរុបដែលជាការកាត់បន្ថយក្នុងទ្រង់ទ្រាយធំបំផុតរបស់ខ្លួនចាប់តាំងពីជំងឺរាតត្បាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការកាត់បន្ថយបុគ្គលិកនេះបានធ្វើឡើងដើម្បីគ្រប់គ្រងការចំណាយ និងធានាបាននូវតម្លៃសេវាសមរម្យក្នុងរយៈពេលវែង ខណៈពេលដែលក្រុមហ៊ុនកំពុងប្រឈមនឹងការប្រកួតប្រជែងដ៏តានតឹងក្នុងវិស័យកក់ការធ្វើដំណើរ និងដឹកជញ្ជូនអាហារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់លិខិតជូនដំណឹងបុគ្គលិកមួយដែលចេញផ្សាយដោយក្រុមហ៊ុនកាលពីយប់ថ្ងៃអង្គារថា លោក Anthony Tan អគ្គនាយកក្រុមហ៊ុន Grab បានថ្លែងថា ការកាត់បន្ថយបុគ្គលិកនេះមិនមែនជា «ផ្លូវកាត់ឆ្ពោះទៅរកប្រាក់ចំណេញទេ» ប៉ុន្តែវាជាការរៀបចំស្ថាប័នឡើងវិញបែបយុទ្ធសាស្រ្ត ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសអាជីវកម្ម។

បើទោះជាក្រុមហ៊ុន Grab ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនាំមុខគេ ក្នុងទីផ្សារកក់សេវាធ្វើដំណើរ និងការដឹកជញ្ជូននៅអាស៊ីអាគ្នេយ៍ក៏ដោយ ក៏ក្រុមហ៊ុននេះមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ ដោយសារក្រុមហ៊ុនចំណាយលើការពង្រីកក្រុមហ៊ុន ហើយការប្រកួតប្រជែងពីគូប្រជែងដូចជា GoTo Group របស់ប្រទេសឥណ្ឌូណេស៊ី ដាក់បន្ទុកលើថ្លៃសេវា។

ក្រុមហ៊ុន Grab ក៏កំពុងប្រឈមនឹងការថមថយកំណើនផងដែរ នៅពេលដែលអតិថិជន កំពុងជួបការលំបាកដោយសារការកើនឡើងអត្រាអតិផរណា និងការកើនឡើងអត្រាការប្រាក់។

ការខាតបង់របស់ក្រុមហ៊ុន Grab មុនពេលបង់ពន្ធ ការប្រាក់រំលួសនៅត្រីមាសទីមួយ បានថយចុះមកនៅត្រឹម ៦៦លានដុល្លារ ហើយអ្នកវិភាគកំពុងព្យាករថា ការខាតបង់របស់ក្រុមហ៊ុននេះនឹងបន្តធ្លាក់ចុះ។ នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ការខាតបង់សុទ្ធរបស់ក្រុមហ៊ុនបានថយចុះមកត្រឹម ២៤៤លានដុល្លារដោយធ្លាក់ចុះពី ៤២៣លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕