(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅថ្ងៃចន្ទថា ប្រទេសម៉ាឡេស៊ីនឹងអនុវត្តកំណែទម្រង់ផ្សេងៗនៅឆ្នាំនេះ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុននានាក្នុងការចុះបញ្ជីនៅផ្សារហ៊ុនម៉ាឡេស៊ីក្នុងគោលបំណងទាក់ទាញវិនិយោគិនកាន់តែច្រើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក អានវ៉ា ខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មមួយថា និយតករមូលបត្រនិងផ្សារហ៊ុននឹងពន្លឿនដំណើរការសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) និងកាត់បន្ថយពេលវេលាចុះបញ្ជីក្នុងទីផ្សារ ដើម្បីធានាបាននូវការប្រកួតប្រជែង និងភាពទាក់ទាញរបស់ប្រទេសម៉ាឡេស៊ី។

លោកក៏បានប្រកាសកាត់បន្ថយការកម្រៃពន្ធប្រថាប់ត្រាផងដែរសម្រាប់ភាគហ៊ុនដែលត្រូវបានជួញដូរនៅលើផ្សរហ៊ុនម៉ាឡេស៊ី Bursa Malaysia ដើម្បីបង្កើនចំណាប់អារម្មណ៍របស់វិនិយោគិន។

លោក អានវ៉ា បានថ្លែងថា ចាប់ពីខែកក្កដាទៅ ពន្ធប្រថាប់ត្រានឹងត្រូវកាត់បន្ថយពី ០,១៥ភាគរយនាពេលបច្ចុប្បន្នមកត្រឹម ០,១០ភាគរយនៃតម្លៃកិច្ចសន្យា ដែលកម្រៃអតិបរមាមានរហូតដល់ ១ពាន់រីងហ្គីត (២១៦,៧៨ដុល្លារ) ក្នុងមួយកិច្ចសន្យា។

លោកបានមានប្រសាសន៍ថា៖ «ការកំណែទម្រងទាំងនេះនឹងកាត់បន្ថយដោយផ្ទាល់នូវការចំណាយលើប្រតិបត្តិការមូលបត្រ និងធ្វើឱ្យទីផ្សារភាគហ៊ុនម៉ាឡេស៊ីកាន់តែមានភាពប្រកួតប្រជែង»

លោកនាយករដ្ឋមន្ត្រីបានបន្តថា រដ្ឋាភិបាលម៉ាឡេស៊ីក៏កំពុងសម្លឹងមើលគោលនយោបាយនានាដើម្បីទាក់ទាញក្រុមហ៊ុនអាជីវកម្មទៅកាន់ប្រទេសម៉ាឡេស៊ី និងកែលម្អភាពងាយស្រួលក្នុងការធ្វើអាជីវកម្មផងដែរ។

ចាប់តាំងពីឡើងកាន់អំណាចក្នុងខែវិច្ឆិកាឆ្នាំមុនមក រដ្ឋាភិបាលរបស់លោក អានវ៉ា បានចាប់ផ្ដើមកំណែទម្រង់ច្បាប់ និងសេដ្ឋកិច្ចមួយចំនួន រួមទាំងការកាត់បន្ថយការឧបត្ថម្ភធនសម្រាប់អ្នកមាន និងការលុបចោលទោសប្រហារជីវិតកាតព្វកិច្ចផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន៕