(សិង្ហបុរី)៖ ក្រុមអ្នកវិភាគនៃក្រុមហ៊ុន Goldman Sachs បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយលើកឡើងពីទំនុកចិត្តទន់ខ្សោយរ៉ាំរ៉ៃ និងអាប់អួរក្នុងទីផ្សារអចលនទ្រព្យខ្លាំងជាងការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សំណេរមួយ ដែលចេញផ្សាយដោយធនាគារវិនិយោគដ៏ធំមួយ របស់អាមេរិកមួយនេះថា ការព្យាករកំណើនផលិតផលក្នុងស្រុកសរុបពិត របស់ប្រទេសចិន សម្រាប់រយៈពេលពេញមួយឆ្នាំត្រូវបានទម្លាក់ពី ៦ ភាគរយមកនៅត្រឹម ៥,៤ភាគរយ។ ធនាគារនេះក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៤ ផងដែរពោលគឺពី ៤,៦ភាគរយមកនៅត្រឹម ៤,៥ភាគរយ។

ការទម្លាក់ការព្យាករនេះ បានធ្វើឡើងបន្ទាប់ពីមានការទម្លាក់ស្រដៀងគ្នានេះដែរ ពីធនាគារលំដាប់ពិភពលោកផ្សេងទៀត ខណៈដែលទិន្នន័យបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតមិនមានស្ថិរភាព។ នាពេលថ្មីៗនេះ ធនាគារ Goldman Sachs ដូចទៅនឹងស្ថាប័នផ្សេងទៀតថា ក៏បានកាត់បន្ថយចក្ខុវិស័យរបស់ខ្លួន ចំពោះរូបិយប័ណ្ណរបស់ប្រទេសចិនផងដែរ។

ដោយលើកឡើងពីការធ្លាក់ចុះវិស័យអចលនទ្រព្យ និងឥទ្ធិពលលំហូររបស់វិស័យនេះថាជាហេតុផលចម្បង ក្រុមអ្នកវិភាគទាំងនេះដែលដឹកនាំដោយសេដ្ឋវិទូ Hui Shan បានឱ្យដឹងថា៖ «គ្មានការជំរុញដោយសារការបើកដំណើរការប្រទេសឡើងវិញណាបានថយចុះយ៉ាងលឿនដូចនៅក្នុងប្រទេសចិនទេ»

ពួកគេបានឱ្យដឹងទៀតថា «យើងវិនិច្ឆ័យថា បញ្ហារារាំងដល់សេដ្ឋកិច្ចទំនងជានៅតែបន្តកើតមាន ខណៈពេលដែលក្រុមអ្នកបង្កើតគោលនយោបាយត្រូវបានរារាំងដោយកត្តាសេដ្ឋកិច្ច និងនយោបាយក្នុងការដាក់ចេញវិធានការជំរុញដ៏មានអត្ថន័យនានា»

រដ្ឋាភិបាលរបស់ប្រទេសចិនបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុបតិចតួចប្រហែល ៥ភាគរយសម្រាប់ឆ្នាំនេះ បន្ទាប់ពីខកខានយ៉ាងធ្ងន់ធ្ងរក្នុងការសម្រេចបានគោលដៅឆ្នាំ២០២២ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីចិនបានជួបប្រជុំកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីវិធានការជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕