(បាងកក)៖ បំណុលគ្រួសារ គឺជាក្តីបារម្ភជាយូរមកហើយ សម្រាប់ប្រទេសថៃ ដោយរារាំងការចំណាយរបស់អតិថិជន និងប៉ះពាល់ដ់កំណើនសេដ្ឋកិច្ច។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ទិន្នន័យ ដែលផ្តល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃថា បំណុលគ្រួសាររបស់ប្រទេសថៃ បានកើនឡើងដល់ ១៥,១ពាន់ពាន់លានបាត (ប្រហែល ៤៣៤ពាន់លានដុល្លារ) ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ដែលកើនឡើង ៣,៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បំណុលនេះមានចំនួន ៨៦,៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។
អង្គភាពរៀបចំផែនការមួយនេះ បានឱ្យដឹងទៀតថា ការកើនឡើងបំណុលគ្រួសារនេះ អាចបណ្តាលមកពីការទិញអចលនទ្រព្យ និងប្រាក់កម្ចីផ្ទាល់ខ្លួន។
គិតត្រឹមដំណាច់ឆ្នាំ២០២១ បំណុលគ្រួសារសរុបរបស់ប្រទេសមានចំនួន ១៤,៦ពាន់ពាន់លានបាត (ប្រហែល ៤២០ពាន់លានដុល្លារ) ស្មើនឹង ៩០,២% នៃផលិតផលក្នុងស្រុកសរុប។ តែសម្រាប់ឆ្នាំ២០២២ អនុបាតបំណុលធៀបនឹង ផ.ស.ស នៅតែខ្ពស់នៅគឺ ៨៦,៩% ។
ទោះបីជាអនុបាតបំណុលនេះថយចុះក៏ដោយ ក៏អនុបាតបំណុលគ្រួសារនៅតែខ្ពស់គួរសម ហើយអត្រានៃការធ្លាក់ចុះ (the rate of decline) នេះមានភាពយឺតយ៉ាវ ដោយបង្ហាញថា ការធ្លាក់នេះនឹងត្រូវការពេលវេលាច្រើនដើម្បីឈានដល់កម្រិតគោលដៅ ៨០% របស់ធនាគារកណ្តាលថៃ។
ធនាគារកណ្តាលថៃបានកំណត់កម្រិតបំណុលដែលខ្ពស់ជាង ៨០% នៃផលិតផលក្នុងស្រុកសរុបថាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងមានហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិ។
ដោយពិចារណាលើបរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន អត្រាអតិផរណា និងអត្រាការប្រាក់ ធនាគារកណ្តាលថៃព្យាករថា បើគ្មានការអនុវត្តវិធានការរៀបចំបំណុលឡើងវិញទេ បំណុលគ្រួសារត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨៤% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧។
យោងតាមកាសែតបាងកកប៉ុស្តិ៍ អ្នកស្រី Kanjana Chockpisansin ប្រធានផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) ថ្លែងថា K-Research រំពឹងថា អនុបាតបំណុលគ្រួសារធៀបនឹង ផ.ស.ស របស់ប្រទេសថៃនឹងធ្លាក់ចុះមកត្រឹម ៨៥,៥-៨៦% នៅឆ្នាំ២០២៣ ដោយសារការកើនឡើងផលិតផលក្នុងស្រុកសរុបរបស់ថៃ និងការសងប្រាក់កម្ចីលក់រាយ ជាពិសេសប័ណ្ណឥណទាន និងកម្ចីទិញផ្ទះដោយផ្អែកលើកត្តារដូវកាល៕