(ភ្នំពេញ)៖ ក្រុមហ៊ុន SPC Global ដែលជាអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤-១៦ ខែមិថុនា ដើម្បីស្វែងយល់ពីការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា។
ក្រុមហ៊ុន SPC Global ដែលមានមូលដ្ឋាននៅទីក្រុងវីកតូរៀ ប្រទេសអូស្ត្រាលី មានបទពិសោធន៍ជាងមួយសតវត្សហើយ ក្នុងការកែច្នៃ និងវេចខ្ចប់ផលិតផលផ្លែឈើ និងបន្លែ។ ក្រុមហ៊ុននេះទិញផលិតផលមួយចំនួនពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីយើង ហើយក៏ចាប់អារម្មណ៍ចង់ពង្រីកការ វិនិយោគរបស់ខ្លួនដោយការនាំចេញពីកម្ពុជា នូវផលិតផលដូចជា ស្វាយ សាវម៉ាវ មៀន និងស្រកានាគ។
ស្ថានទូតអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់យើង ហៅថា កម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានស្វាគមន៍ លោក Hussein Rifai, ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអូស្ត្រាលី SPCGlobal និងលោក Matthew McMichael ប្រធានផ្នែកប្រតិបត្តិការ មកកាន់ប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃកន្លះនេះ ក្រុមហ៊ុន SPC Global បានធ្វើដំណើរទៅទស្សនកិច្ចនៅ រោងចក្រផលិតកម្មចំណីអាហារគីរីរម្យ នៅក្នុងខេត្តកំពង់ស្ពឺ និងក្រុមហ៊ុនលីលី នៅក្នុងរាជធានីភ្នំពេញ។ តំណាងក្រុមហ៊ុន SPC Global ទាំងពីរអ្នកនេះ ក៏បានជួបជាមួយម្ចាស់អាជីវកម្មកសិឧស្សាហកម្មធំៗ ចំនួនបួនផងដែរ ដែលមាន ក្រុមហ៊ុន Navita Food Production ក្រុមហ៊ុន Misota Food Cambodia ក្រុមហ៊ុន SHE Agrocam និង ក្រុមហ៊ុន Royal Trust។
តំណាងក្រុមហ៊ុន SPC Global ក៏មានឱកាសជួបជាមួយមន្ត្រីសំខាន់ៗ មកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។
លោក Rifai បានថ្លែងថា «កម្ពុជាជាប្រទេសដ៏ល្អមួយសម្រាប់យើង ក្នុងការស្វែងរកឱកាសថ្មីៗផ្នែកកសិកម្ម ជាពិសេសបន្លែ និងផ្លែឈើ ដែលមិនមានការដាំដុះ ឬបច្ចុប្បន្ននេះមិនមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលី។ ក្រុមហ៊ុន SPC អាចផ្ដល់ជំនាញ និងចំណេះដឹងផ្នែកចំណីអាហាររបស់អូស្ត្រាលី ដែលអាចជួយឱ្យមានការអភិវឌ្ឍផលិតផលចំណីអាហារប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាពខ្ពស់បំផុត ខណៈពេលដែលឧស្សាហកម្មកសិ-ចំណីអាហារនៅកម្ពុជាកំពុងតែមានការអភិវឌ្ឍ។ វិស័យកសិ-ចំណីអាហារ គឺជាវិស័យផ្តោតសំខាន់មួយរបស់កម្ពុជា ហើយអូស្ត្រាលីក៏កំពុងគាំទ្រការអភិវឌ្ឍរបស់កម្ពុជាលើវិស័យនេះដែរ។ យើងសូមអរគុណចំពោះ កម្មវិធី CAPRED ដែលបានណែនាំឱកាសនេះមកកាន់ក្រុមហ៊ុនរបស់យើង ហើយយើងកំពុងបន្តការពិភាក្សាជាមួយនឹងក្រុមហ៊ុនមួយចំនួនដែលយើងបានជួប»។
រវាងឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ផលិតកម្មផ្លែស្វាយរបស់កម្ពុជាកើនឡើង ១៦០% ហើយការនាំចេញផ្លែឈើស្ងួតបានកើនឡើងរហូតដល់ ៦៥០០% ។ ប្រទេសកម្ពុជាមានសមត្ថភាពខ្ពស់លើកសិផលដែលមានតម្លៃខ្ពស់ រួមមាន ស្វាយ ចេក ស្វាយចន្ទី ដំឡូងជ្វា ល្ង ម្ទេស និងម្រេចកំពតដ៏ល្បីល្បាញលើពិភពលោក។
ដំណើរទស្សនកិច្ចរបស់ SPC Global ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលីក្នុងការពង្រឹងទំនាក់ទំនងផ្នែកកសិកម្មជាមួយកម្ពុជា។ ទស្សនកិច្ចនេះ ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យរវាងក្រុមហ៊ុន SPC និងប្រតិភូកម្ពុជា ក្នុងអំឡុងទស្សនកិច្ចរបស់កម្មវិធី CAPRED ទៅកាន់សួនកសិ-ឧស្សាហកម្ម នៅប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំ២០២៣នេះ៕