(ភ្នំពេញ)៖ ពងទា និងពងមាន់ដែលកំពុងលក់រាយនៅលើទីផ្សារ បានឡើងថ្លៃជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់មកដល់បច្ចុប្បន្ននេះ ដោយសារការផលិតនៅរដូវប្រាំងថយចុះ ស្របពេលដែលតម្រូវការកើនឡើងជាងមុន។
អ្នកស្រី ម៉ោង ស្រីពៅ អគ្គនាយកាភូមិពងទាខ្មែរ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពងទា បានចាប់ផ្តើមឡើងថ្លៃ ចាប់ពីខែមេសា រហូតមកដល់បច្ចុប្បន្ននេះ។ ការឡើងថ្លៃនេះ ដោយសារការផលិតថយចុះ ហើយតម្រូវការកើនឡើង ដែលនាំឱ្យតម្លៃពងទានិងពងមាន់ឡើងថ្លៃ។
អ្នកស្រីបានពន្យល់បន្តថា៖«ជាធម្មតា ការចិញ្ចឹមទាយកស៊ុតនៅកម្ពុជា មានពីរបែប គឺការចិញ្ចឹមនៅក្នុងទ្រុង និងការចិញ្ចឹមបែបដេញឱ្យស៊ីចំណីតាមទីវាល។ នៅរដូវប្រាំង កសិករភាគច្រើនដែលចិញ្ចឹមទារយកស៊ុត បានចាប់ផ្តើមលក់មេទា ហេតុនេះធ្វើការផលិតពងទានៅក្នុងស្រុក ត្រូវបានកាត់បន្ថយ ខណៈតម្រូវការច្រើន ដូច្នេះហើយទើបធ្វើឱ្យតម្លៃពងទាចាប់ផ្តើមឡើងថ្លៃ។»
អ្នកស្រីកត់សម្គាល់ តម្លៃពងទាអាចនឹងចាប់ផ្តើមធ្លាក់ចុះវិញនៅអំឡុងខែកក្កដា បន្ទាប់ពីកសិករចាប់ផ្តើមទិញមេទាមកចិញ្ចឹមសម្រាប់ផលិតពងទាលក់វិញ។
អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ តម្លៃលក់រាយពងទានៅលើទីផ្សារ ឡើងថ្លៃមួយគ្រាប់៧០០រៀល និងតម្លៃបោះដុំ ប្រមាណជាង៥០០រៀលក្នុងមួយគ្រាប់ ។
អ្នកស្រីបន្ថែមថា ខណៈពេលដែលតម្លៃពងទា ពងមាន់ឡើងថ្លៃបែបនេះ អាចនឹងអាចប៉ះពាល់ដល់អ្នកប្រើប្រាស់ និងទីផ្សារនាពេលខាងមុខផងដែរ។
អគ្គនាយកាភូមិពងទារខ្មែររូបនេះ លើកឡើងយ៉ាងដូច្នេះថា៖ «អ្នកប្រើប្រាស់គាត់សាញតម្លៃ បើយើងមើលទៅលើសេដ្ឋកិច្ចបច្ចុប្បន្ន គឺមានបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ បើសិនជាឈ្មួញគាត់ចេះតែឡើងអត់យល់ពីអ្នកទិញ។ ព្រោះឥលូវពងទាសាបមួយគ្រាប់៧០០ហើយ អ៊ីចឹងវាថ្លៃ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ងាកទៅញ៉ាំអីផ្សេងផងដែរ។»
សម្រាប់កសិដ្ឋានអ្នកស្រីក្នុងមួយថ្ងៃផ្គត់ផ្គង់ពងទានៅលើទីផ្សារបានប្រមាណ២ម៉ឺនគ្រាប់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ក្នុងតម្លៃដដែល ដោយមិនឡើងថ្លៃនោះទេ។ តែយ៉ាងណាអ្នកស្រីយល់ថា មិនទាន់គ្រប់គ្រាន់តាមតម្រូវការនោះទេ។
អ្នកលក់បន្លែម្នាក់ នៅផ្សារបុរីពិភពថ្មី បានឱ្យដឹងថា ពងទាដែលធ្លាប់តែលក់៤០០ឬ៥០០រៀលក្នុងមួយគ្រាប់ បានឡើងដល់៧០០រៀលក្នុងមួយគ្រាប់ ហើយតម្លៃនេះកើនឡើងក្នុងរយៈពេលជាងកន្លះខែមកហើយ។ អ្នកស្រីបន្តថាទោះបីជាយ៉ាងនេះក៏ដោយ អ្នកទិញនៅតែបន្តមកទិញធម្មតា គ្រាន់តែពួកគាត់ចំណាយច្រើនជាងមុន។
ស្របពេលដែលពងមាន់ និងពងទានៅកម្ពុជាឡើងថ្លៃ នៅឯប្រទេសឯណោះវិញ តម្លៃក៏កើនឡើងផងដែរ ដោយសារការខ្វះខាតការផ្គត់ផ្គង់នៅកសិដ្ឋាន និងការកើនឡើងនៃតម្រូវការនាំចេញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ត៍។
យោងតាមតារាងតម្លៃទំនិញប្រចាំថ្ងៃដែលបង្ហាញដោយ ធនាគារ ARDB នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តម្លៃពងទា មួយគ្រាប់៧០០រៀល, ពងមាន់ស្រែមួយគ្រាប់ ៨០០រៀល និង ពងមាន់ តម្លៃ៦០០រៀលក្នុងមួយគ្រាប់៕