(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា តម្រូវការប្រាក់រៀលបានកើនឡើងជាលំដាប់ ការចរាចរប្រាក់រៀលលើទីផ្សារកើនជាង ១៤ទ្រីលានរៀល គិតមកដល់ត្រឹមឆ្នាំ២០២២នេះ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងនោះដើម្បីអបអរសាទរទិវាប្រាក់រៀល ព្រមទាំងចូលរួមលើកកម្ពស់ ការយល់ដឹងពីប្រាក់រៀល ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគងឱ្យកាន់តែទូលំទូលាយ។
លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា ឆ្នាំនេះជាឆ្នាំទី៤៣ ដែលកម្ពុជាបានបោះផ្សាយ និងដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ជារយៈពេលដ៏យូរក្នុងប្រវត្តិសាស្ត្រ ដែលកម្ពុជាប្រើប្រាស់ រូបិយវត្ថុរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងកាន់តែចម្រើនទៅមុខឥតឈប់ឈរ។
លោកស្រីបានបញ្ជាក់ថា «តម្រូវការប្រាក់រៀលបានកើនឡើងជាលំដាប់ ឆ្លុះបញ្ចាំងតាមរយៈកំណើនប្រាក់រៀល ក្នុងចរាចរណ៍ជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦ភាគរយ ពីប្រមាណ៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ រហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២»។
លោកស្រីបន្តលើកឡើងថា សន្តិភាពដែលសម្រេចបានក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាមូលដ្ឋានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំនឿទុកចិត្តមកលើប្រាក់រៀលឡើងវិញ។ ជំនឿទុកចិត្តផ្សាភ្ជាប់មិនអាចខ្វះបាន ជាមួយនឹងសុខសន្តិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពសេដ្ឋកិច្ច ដែលនាំឱ្យប្រជាជនមានការងារធ្វើ មានជីវភាពល្អប្រសើរ និងប្រើប្រាស់លុយរៀលកាន់តែទូលំទូលាយ។
លោកស្រីបានឲ្យដឹងថា ទោះយ៉ាងណាការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យងាក ពីប្រាក់ដុល្លារអាមេរិកមកពឹងផ្អែក លើប្រាក់រៀលជាចម្បង ត្រូវការការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងសា្ថប័នសាធារណៈ ឯកជន និងប្រជាជនទូទៅ។
ចំណែកគោលដៅរបស់ធនាគារជាតិ គឺការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ មិនមែនយកឈ្នះប្រាក់ដុល្លារអាមេរិក ឬដកប្រាក់ដុល្លារអាមេរិកទាំងស្រុងចេញពីកម្ពុជា តែមួយប៉ប្រិចភ្នែកនោះទេ គឺប្រជាជនត្រូវមានស្មារតីបន្តដំណើរ ក្នុងការប្រើប្រាស់ប្រាក់រៀលជាប្រចាំ ដើម្បីសម្រេចបានគោលដៅ បើទោះបីជាត្រូវការពេល វេលាយូរបន្តិចក្ដី៕