(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅរយៈពេល ៥ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណជា ១ ៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

ការបញ្ជាក់នេះធ្វើឡើងក្នុងច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ
ប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥,៣៨ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៦៩ លានដុល្លារ)។

លោកបន្ថែមថា ចំណូលពន្ធបានហក់ខ្ពស់ក្នុងខែមីនា ឆ្នាំ២០២៣ ដែលសម្រេចបាន ៣ ២៥៨.០១ ប៊ីលានរៀល (ប្រមាណជា ៨០៤.៤៥ លានដុល្លារ) ធៀបនឹងខែមីនា ឆ្នាំ២០២២ សម្រេចបាន ៣ ០៤០.៣៧ ប៊ីលានរៀល (ប្រមាណជា ៧៥០.៧១ លានដុល្លារ)។

លោកបានកោតសរសើរ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តអនុវត្តការងារកំណែទម្រង់និង ទំនើបកម្មរដ្ឋបាលសារពើពន្ធ។

លោកបានលើកឡើងថា វិស័យផលិតភេសជ្ជៈ (កម្មន្តសាលភេសជ្ជៈ) បាននិងកំពុងបន្តចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះ និងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ ដែលករណីនេះអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានា បាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាពសម្រាប់វិស័យនេះ។

សម្រាប់វិស័យផលិតបារីនិងថ្នាំជក់ (កម្មន្តសាលផលិតផលថ្នាំជក់) អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុង បន្តចុះត្រួតពិនិត្យ អប់រំ ណែនាំ និងផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី (តែមប្រិ៍បារី) ដោយបារីផលិតក្នុងស្រុកត្រូវបិទតែមប្រិ៍របស់ អពដ និងបារីនាំចូលត្រូវបិទតែមប្រិ៍របស់ អគ្គនាយក-ដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយ (អពដ) បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ា ត់លើការគេចវេះ ការបន្លំ និងការបំពានការអនុវត្តកាតព្វកិច្ចនេះ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាពសម្រាប់វិស័យនេះ។

ដោយឡែកសម្រាប់ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែឧសភា ឆ្នាំ២០២៣ ទទួលបាន ២៣.០៩ ប៊ីលានរៀល (ប្រមាណជា ៥.៧០ លានដុល្លារ) និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ទទួលបាន ១៣១.៦៦ ប៊ីលានរៀល (ប្រមាណជា ៣២.៥១ លានដុល្លារ)។

លោកបន្តថា បច្ចុប្បន្នពន្ធដារមានកំណប់ទ្រព្យ ដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួលពី កម្មវិធីវិក្កយបត្រនាំ សំណាង (GDT Lucky Draw) និង ប្រព័ន្ធ E-Filing និង ToI E-Filing ដែលរឹងមាំនិងមានតម្លាភាព ហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross Check) ហើយការ Cross Check លើទិន្នន័យទទួលបានពីកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) បានរកឃើញនូវ សហគ្រាសមិនបានចុះបញ្ជីពន្ធដារជាច្រើន ដែលក្នុងនោះមួយចំនួនធំមានកម្រិតផលរបរត្រូវមានកាតព្វកិច្ចចុះ បញ្ជីពន្ធដារ ហើយសហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចរាល់បានរកឃើញនូវចំណូលដែលមិនបានប្រកាសមក ពន្ធដារ ហើយឈានដល់ការផ្ទៀងផ្ទាត់ចំណូលនិងកំណត់ពន្ធឡើងវិញ ដែលបានចូលរួមក្នុងការពង្រឹងការគ្រប់គ្រង ប្រមូលចំណូលពន្ធ និងពង្រឹងការប្រកួតប្រជែងស្មើភាពគ្នា។

សម្រាប់វិស័យធនធានរ៉ែ ក្នុងករណីក្រុមហ៊ុននោះមានអាជ្ញាបណ្ណ លើវិស័យធនធានរ៉ែ ហើយបានចុះបញ្ជីពន្ធដារ ត្រូវបន្តពង្រឹងការតាមដានការបំពេញកាតព្វកិច្ចសារពើពន្ធ ក៏ប៉ុន្តែក្នុងករណីមិនបានចុះបញ្ជីនិងបំពេញកាតព្វកិច្ច សារពើពន្ធ នឹងត្រូវចាត់វិធានការពន្ធដារ និងស្នើសុំកិច្ចសហការពីក្រសួង និងស្ថាប័នមានសមត្ថកិច្ចក្នុងការចាត់ វិធានការចាំបាច់នានា៕