(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយ អនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។
សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីភ្ញៀវកិត្តិយស ពីវិស័យឯកជន ដែលមានសមាសភាពមកពី សភាពាណិជ្ជកម្មកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញ សមាគមធុរកិច្ចជប៉ុននៃកម្ពុជា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមអ្នកលក់រថយន្តកម្ពុជា ប្រធាន ឬតំណាងក្រុមហ៊ុននាំចេញនាំចូល ធុរជន និងជើងសាគយពាក់ព័ន្ធសរុប ២៨៤ រូប និង មន្ត្រីគយនិងរដ្ឋាករ ចំនួន ២៧១ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករទូទាំងប្រទេស។
ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីគោលបំណង ក្នុងការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹង ដល់គ្រប់ភាគី ពាក់ព័ន្ធពីការសម្រេចថ្មីៗរបស់រាជរដ្ឋាភិបាល ក្នុងការកែសម្រួលអត្រាពន្ធគយ និងអាករលើមុខទំនិញមួយចំនួន ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែកក្កដា នេះតទៅ។ កន្លងមក អត្រាពន្ធ និងអាករលើមុខទំនិញនាំចេញ-នាំចូល តែងត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការប្រែប្រួល ស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដើម្បីរក្សាបាននូវតុល្យភាព នៃការជំរុញសកម្មភាពពាណិជ្ជកម្ម និងការប្រមូលចំណូលចូលថវិកាជាតិ។
លោកបណ្ឌិត ក៏បានគូសរំលេចនូវការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលើកទឹកចិត្តផ្នែកពន្ធ និងអាករបន្ថែមទៀត សំដៅជំរុញសន្ទុះ អភិវឌ្ឍន៍វិស័យ អាទិភាពនានារួមមាន៖ វិស័យកសិកម្ម, វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យឧស្សាហកម្ម និងផលិតកម្ម, វិស័យដឹកជញ្ជូន, ការរួមចំណែកក្នុងការការពារ បរិស្ថាន និងការសម្រួលដល់ជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេស ក្នុងបរិបទដែល កម្ពុជាបាននិងកំពុងរងនូវផលប៉ះពាល់ខ្លាំង បណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩, អតិផរណា និងការថមថយកំណើនសេដ្ឋកិច្ចសកល។
តាមរយៈបទបង្ហាញរបស់មន្ត្រី នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការកែសម្រួលពន្ធអាករលើកនេះ មាន ទ្រង់ទ្រាយ ធំដោយពាក់ព័ន្ធនឹងមុខទំនិញសរុបរហូតដល់ ១៤៤៣ បន្ទាត់ពន្ធ។
ក្នុងចំណោមនោះភាគច្រើនគឺជាការ «ការបញ្ចុះអត្រា» លើក្រុមទំនិញមានមុខសញ្ញាលើកទឹកចិត្ត ក្នុងគោលបំណងលើកទឹកចិត្តបន្ថែមទៀត ដល់វិស័យអាទិភាពមួយចំនួន ដូចជា វិស័យ កសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល, មុខទំនិញមួយចំនួនដែលបម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ព្រមទាំងមុខទំនិញ យានយន្តដើម្បីរួមចំណែកជួយដល់វិស័យឡូជីស្ទីក ដែលជួបប្រទះការលំបាក បណ្តាលមកពីវិបត្តិនៃការផ្ទុះរាលដាលជម្ងឺកូវីដ-១៩ ការអូសបន្លាយនៃសង្គ្រាមអ៊ុយក្រែន និងការថមថយកំណើនសេដ្ឋកិច្ចសកល។
ទន្ទឹមនេះ ក៏មាន «ការដំឡើងអត្រាពន្ធនិងអាករ» លើមុខទំនិញមួយចំនួនតូច ដែលមិនសូវមានការនាំចេញនាំចូល ក្នុងគោលដៅធ្វើឲ្យមានសង្គតិភាពគ្នា ទៅនឹងអត្រាពន្ធនិងអាករ នៃមុខទំនិញប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។
ដោយសារការ «បញ្ចុះអត្រា» មានច្រើនជាង ការ «ដំឡើងអត្រា» នេះហើយ ទើបធ្វើឲ្យអត្រាពន្ធមធ្យម (Unweighted Average Tariff Rate) របស់តារាងពន្ធគយ កម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពីការ កែសម្រួលអត្រាពន្ធនិងអាករនេះ ចូលជាធរមាន នឹងថយចុះពី ១១.៦២% មកត្រឹម ១០.៧៦% ប៉ុណ្ណោះ ដែលជាសូចនាករមួយឆ្លុះបញ្ចាំងពីជំហានថ្មីមួយទៀត នៃការកាត់បន្ថយ របាំងពន្ធគយ របស់កម្ពុជា។
សិក្ខាសាលាបាន ដំណើរទៅដោយទទួលការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អ្នកចូលរួមទាំងអស់ ជាពិសេស វិស័យឯកជន ក្នុងការខិតខំស្វែងយល់ ឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃអនុក្រឹត្យលេខ ១២២ អនក្រ.បក នេះ ដើម្បីអាចតម្រង់ទិសដៅ អាជីវកម្មរបស់ខ្លួន បានសមស្រប និងអាចទាញយកផលចំណេញបានជាអតិបរមា ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ។
ទន្ទឹមនេះ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ក៏បានជំរុញឲ្យសមាជិកនៃអង្គសិក្ខាសាលាជួយផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យនេះ បន្តទៅភាគីពាក់ព័ន្ធទាំងអស់ ឲ្យបានកាន់តែទូលាយ បន្ថែមទៀតផងដែរ៕