(ភ្នំពេញ)៖ កម្ពុជា​បានចាប់ផ្តើមនាំចេញអង្ករជាលើកដំបូង ទៅប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅតំបន់អាស៊ី ក្រោយពីកម្ពុជាព្យាយាមចាប់យកទីផ្សារនេះជាច្រើនឆ្នាំ។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ​ហ្វីលីពីន គឺជាទីផ្សារល្អ​ ដោយប្រទេសនេះមានតម្រូវការអង្ករច្រើន ​ហើយបច្ចុប្បន្ននេះ ប្រទេសនេះកំពុងមានការខ្វះខាត​ស្បៀង​។ ​

លោកបានគូសបញ្ជាក់ថា ការនាំចេញទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូងនេះ បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោល គឺពីការនាំចូលតាមរយៈរដ្ឋ មកឯកជនវិញ។ ស្របជាមួយគ្នា ​នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសហ្វីលីពិន គឺ​ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលជំរុញឱ្យកម្ពុជាធ្វើការងារជិតស្និតជាមួយលោក និងឈានទៅដល់ការនាំចូលអង្ករពីកម្ពុជា ជាលើកទី១។

លោកមានប្រសាសន៍ថា «នេះចំណុចមួយចាប់ផ្តើម សង្ឃឹមថានឹងមានចំនួនច្រើន ដោយសារប្រទេសហ្វីលីពីន ជាប្រទេសមួយដែលត្រូវការអង្ករ ហើយលោកឃើញថាអង្កររបស់យើងល្អ មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ និងមាននាំចេញច្រើន។»

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ ​កម្ពុជាទើបតែនាំចេញអង្ករ ក្នុងបរិមាណធំលើកទី១ចំនួន ២ ៥៧៥តោនទៅប្រទេសហ្វីលីពិន។

បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រៅពីការនាំចេញទៅប្រទេសហ្វីលីពីន ជាលើកដំបូង កម្ពុជាក៏បានចាប់ផ្តើមសាកល្បងនាំចេញ ទៅប្រទេសសិង្ហបុរី​ផងដែរ ប៉ុន្តែក្នុងបរិមាណតិចនៅឡើយ។

​សូមបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅក្នុងតំបន់អាស៊ីផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុត ជាប្រភេទអង្ករសធម្មតា៕