(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការខ្ចីប្រាក់ពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ត្រឹមត្រូវ មិនមែនជារឿងអាក្រក់នោះទេ ក៏ព្រោះថាប្រសិនបើកម្ចីទៅប្រើប្រាស់ចំគោលដៅ មិនត្រឹមតែមានលទ្ធភាព ក្នុងការសងត្រឡប់នោះទេ ថែមទាំងជួយបង្កើនចំណូល ដែលជួយដល់ជីវភាពក្រុមគ្រួសារទៀតផង។
ការលើកឡើងរបស់លោកស្រី ជា សិរី ធ្វើងឡើងក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» រៀបចំឡើងក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រី ជា សិរី បានថ្លែងថា «មតិមួយចំនួនលើកឡើងថា កម្ពុជាមានធនាគារជាច្រើន ហើយក៏នាំឲ្យប្រជាពលរដ្ឋជំពាក់ធនាគារច្រើន ជាការពិតការជំពាក់លុយគេ មិនមែនសុទ្ធតែជារឿងអាក្រក់ទាំងអស់នោះទេ ក៏ព្រោះថា នៅពេលខ្ចីលុយ យើងត្រូវដឹងជាមុនថា តើយើងយកលុយដែលបានខ្ចីនេះទៅធ្វើអ្វី? ប្រសិនបើកម្ចីទៅលើការរកស៊ី ដើម្បីបានចំណូល បង្កើនចំណូល ហើយមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុល នោះការជំពាក់ ឬខ្ចីលុយគេជារឿងល្អ ក៏ប៉ុន្ដែប្រសិនបើការខ្ចីលុយយកទៅប្រើប្រាស់ខុសគោលដៅ ដូចជាឡើងស៊េរីទូរស័ព្ទ, ទិញម៉ូតូ ឬឡានថ្មី ទាំងនេះជាហានិភ័យ បង្កគ្រោះថ្នាក់ឈានដល់ការជាប់បំណុលវ័ណ្ឌក»។
លោកស្រី ជា សិរី បានបន្ដថា ធនាគារជាតិនៃកម្ពុជា តែងតែរៀបចំសិក្ខាសាលានានា ស្ដីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់កម្ចីចំគោលដៅ ការកម្ចីពីធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានត្រឹមត្រូវជាដើម។ ជាក់ស្ដែងក្នុងថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានចែករំលែកចំណេះដឹង អំពីផ្នែកហិរញ្ញវត្ថុបន្ថែមទៀត លើការដាក់ប្រាក់សន្សំតាមធនាគារ និងហិរញ្ញវត្ថុ ដែលផ្ដល់ទាំងសុវត្ថិភាព និងការប្រាក់ ចៀសជាងការសន្សំជាមួយតុងទីន ដែលអាចបង្កហានីភ័យ។
ធនាគារជាតិនៃកម្ពុជា តែងតែលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យសន្សំលុយ តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្លូវការ ដោយមានការចុះកិច្ចសន្យាត្រឹមត្រូវ ចំណែកការសន្សំលុយនៅធនាគារពាណិជ្ជ នឹងទទួលបានការប្រាក់ទៀតផង។
លោកស្រី ជា សិរី បានបន្ថែមថា «យើងបានចែករំលែកចំណេះដឹងអំពីការការខ្ចីលុយផងដែរ ដោយធនាគារជាតិលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្ចីលុយតែពីគ្រឹះស្ថានធនាគារ ដែលមានច្បាប់ត្រឹមត្រូវ ជៀសវាងការខ្ចីប្រាក់ពីឯកជននានា ដែលគ្មានច្បាប់ និងមានអត្រាការប្រាក់ខ្ពស់ ព្រមទាំងបង្កហានីភ័យដល់ខ្លួន»។
លោកស្រីបានលើកឡើងថា ការខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ជាការពិតមុននឹងផ្ដល់កម្ចីមកកាន់អតិថិជន គ្រឹះស្ថានធនាគារទាំងអស់ ចាំបាច់ត្រូវតែពិនិត្យលើលទ្ធភាពអតិថិជនជាមុន ដើម្បីដឹងច្បាស់ថា តើអតិថិជនមានលទ្ធភាពសងត្រឡប់ ឬទេ? ក្នុងករណីអតិថិជនមិនមានលទ្ធភាព សងត្រឡប់មកគ្រឹះស្ថានធនាគារ នោះធនាគារនឹងមិនផ្ដល់កម្ចីដល់អតិថិជននោះឡើយ។ ចំពោះការខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ អតិថិជនចាំបាច់ត្រូវជជែកសួរនាំយ៉ាងលម្អិត ជាមួយធនាគារដែលអតថិជននឹងត្រូវខ្ចី និងជៀសវាងជាដាច់ខាត ខ្ចីប្រាក់ពីឯកជននានា ដែលមិនមានច្បាប់អនុញ្ញាត ព្រោះវានឹងបង្កហានីភ័យដល់ខ្លួននៅពេលក្រោយ។
ធនាគារជាតិនៃកម្ពុជា តែងតែលើកទឹកចិត្តអតិថិជនសួរនាំនូវព័ត៌មានលម្អិត ឬកិច្ចសន្យាររបស់គ្រឹះស្ថានធនាគារឲ្យបានយល់ និងច្បាស់លាស់ជាមុនសិន មុនសម្រេចចិត្តខ្ចីប្រាក់ ចំណែកខាងគ្រឹះស្ថានធនាគារ ក៏ត្រូវផ្ដល់ព័ត៌មានយ៉ាងលម្អិត ជូនអតិថិជនដូចគ្នា ដើម្បីជៀសវាងនូវការមិនយល់ចំណុចណាមួយ ដែលបង្កជាបញ្ហាច្រឡំនៅពេលក្រោយ៕