(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៧ ស្ថានភាពប្រទេសកម្ពុជានឹងហក់ឡើង ក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប ដែលសហគមន៍អន្តរជាតិ នឹងពិចារណាការផ្ដល់ជំនួយឥតសំណងទៅជាកម្ចីសម្បទាន (កម្ចីការប្រាក់ទាប)។
តួលេខនេះបញ្ជាក់ថា ៤ឆ្នាំក្រោយ កម្ពុជាត្រូវខ្ចីលុយពីម្ចាស់ជំនួយទាំងទ្វេរភាគី និងពហុភាគីវិញម្ដង ដើម្បីអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ឱ្យក្លាយជាប្រទេសចំណូលកម្រិតមធ្យមនៅឆ្នាំ ២០៣០ និងប្រទេសអ្នកមាននៅ ឆ្នាំ២០៥០។
នេះជារឿងដែលកម្ពុជាសប្បាយចិត្តដោយសារតែ កត្តា៤យ៉ាង៖ ទីមួយ កម្ពុជាមានសមត្ថមភាពខ្លាំងជាងមុន លើការប្រមូលពន្ធ ដើម្បីបង្រ្គប់ការចំណាយរបស់រាជរដ្ឋាភិបាល, ទីពីរ មូលដ្ឋានអភិវឌ្ឍន៍ធុរកិច្ចដែលទ្រទ្រង់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែប្រសើរ, ទីបី ជីវភាពពលរដ្ឋកម្ពុជា មានចំណូលកាន់តែច្រើន និងអត្រាភាពក្រីក្រកាន់តែទាប, ទីបួន កម្ពុជាមានហេដ្ឋារចនសម្ព័ន្ធ គាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។
តួលេខថ្មីបំផុតរបស់ស្ថាប័នអភិវឌ្ឍន៍នានា និងរាជរដ្ឋាភិបាលបង្ហាញថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវវិញ មានជាង ៥០% នៅទូទាំងប្រទេសកម្ពុជា។ ការអភិវឌ្ឍផ្លូវនេះបានផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាង ២០០ លានដុល្លារអាមេរិក តាមរយៈ ការអភិវឌ្ឍផ្លូវធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគកាន់តែងាយស្រួលជាងមុន ក្នុងការចរាចរទំនិញទៅកាន់ទីផ្សារ។
នេះជាលទ្ធផលបង្ហាញថា រាជរដ្ឋាភិបាល យកជំនួយមកប្រើប្រាស់ចំគោលដៅ លើដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប៉ុន្តែក៏មានមតិខ្លះ បានរិះគន់ថា រាជរដ្ឋាភិបាលយកជំនួយបរទេស មកប្រើប្រាស់ចំគោលដៅតិចតួចហើយម្ចាស់ជំនួយ ឈប់ផ្ដល់ជំនួយដោយសារតែ គេលើកហេតុផលថា កាលពីឆ្នាំ២០១០ មិនមានវេទិកាពិភាក្សារវាងម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែការពិត គឺនៅត្រង់ថា ការផ្អាកនៃវេទិកាប្រជុំម្ចាស់ជំនួយនោះ អាចបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា មានការអភិវឌ្ឍខ្ពស់រួមមាន ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពប្រជាពលរដ្ឋ ហើយម្ចាស់ជំនួយភាគច្រើន បង្វែរទៅជាកម្ចីសម្បទានវិញ។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាមិនពឹងលើជំនួយបរទេស ជារៀងរហូតនោះទេហើយម្ចាស់ជំនួយវិញ ក៏មិនផ្ដល់លុយឲ្យកម្ពុជា ជាយូរអង្វែងនោះដែរ។ ហេតុផលដែលគេឲ្យជំនួយដល់កម្ពុជា គឺមានរឿងបីសំខាន់ ទីមួយ គឺជួយរឿងនយោបាយ ទីពីរ ជួយលើផ្នែកយុទ្ធសាស្រ្ត និងទីបី គឺរឿងសេដ្ឋកិច្ច។ មានន័យថា បើកម្ពុជាមានរឿងទាំងបីនេះ ល្អទំនងជាគេឈប់ផ្ដល់ជំនួយ។ ប៉ុន្តែម្ចាស់ជំនួយនៅកម្ពុជាបច្ចុប្បន្ន ក៏មើលលក្ខខ័ណ្ឌផ្សេងៗគ្នា។ ម្ចាស់ជំនួយខ្លះ មើលរឿងនយោបាយ បើនយោបាយមិនត្រូវតាមការចង់បាន របស់ម្ចាស់ជំនួយគេឈប់ឲ្យ។ ម្ចាស់ជំនួយខ្លះទៀត គេមើលទីតាំងភូមិសាស្រ្ត លើផ្នែកនយោបាយ និងសេដ្ឋកិច្ចជាដើម។ ប៉ុន្តែបើផ្នែកលើនិយមអន្តរជាតិ របស់អង្គការសហប្រជាជាតិ (UN) វិញ គឺម្ចាស់ជំនួយឈប់ជួយ គឺគេមើលលក្ខខ័ណ្ឌរស់នៅការអប់រំ សុខភាព និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ បើលក្ខខ័ណ្ឌទាំងអស់នេះល្អ តាមការរំពឹងទុករបស់ UN គឺគេឈប់ជួយ។ ហើយផ្នែកលើលក្ខខ័ណ្ឌវាស់វែង របស់ UN មាន៥ថ្នាក់ (លេខ១ អន់ជាងគេ និងលេខ៥ ល្អបំផុត)។
ជាទូទៅបើប្រទេសណាមួយ ស្ថិតនៅលក្ខខ័ណ្ឌទីបី ទំនងជាគេផ្ដាច់ជំនួយ គឺគេឲ្យជាកម្ចី។ ដោយឡែកកម្ពុជា ស្ថិតនៅលំដាប់ទីពី មានន័យថា ម្ចាស់ជំនួយ គឺឈប់ឱ្យជាជំនួយ។ ប៉ុន្តែកម្ពុជាវិញ ក៏មិនចង់ទទួលជំនួយពីគេទៀតដែរ ដោយសារតែសេដ្ឋកិច្ចកម្ពុជា និងប្រាក់ចំណូលរបស់ពលរដ្ឋកម្ពុជា មានភាពរីកចម្រើនខ្លាំង។ បច្ចុប្បន្ន ស្ថានភាពកម្ពុជា គឺម្ចាស់ជំនួយមួយចំនួន បានបង្វែរជា ជំនួយឥតសំណង ទៅកម្ចី ជាបណ្ដើរៗ ដែលតាមការប៉ាន់ស្មាន ការប្រាក់ដែលកម្ពុជា សងទៅម្ចាស់កម្ចីបរទេស មានទឹកប្រាក់ ប្រមាណជាជិត ២០០ លានដុល្លារ សហរដ្ឋអាមេរិក រៀងរាល់ឆ្នាំ ។
ម្ចាស់ជំនួយដែលខ្វល់អំពីប្រសិទ្ធិប្រើប្រាល់លុយជំនួយរបស់គេនោះ រួមមាន ធនាគារពិភពលោក (WB) មូនិធីរូបិយវត្ថុអន្តរជាតិ(IMF) សហភាពអឺរ៉ុប(EU) ធនាគារអភិវឌ្ឍអាស៊ី (ADB) និង កម្មវីធីអភិវឌ្ឍរបស់អង្កការសហប្រជាតិដែលហៅកាត់ (UNDP)។
បច្ចុប្បន្ន រាជរដ្ឋាភិបាល បានចាប់ដៃគូទ្វេភាគី រវាងម្ចាស់ជំនួយបរទេសចំនួន ១៨ប្រទេស និងដៃគូពហុភាគីចំនួន ១៣ស្ថាប័ន។ ទឹកប្រាក់ជំនួយសរុបមានចំនួនប្រមាណ១ពាន់លានដុល្លារអាមេរិកជាមធ្យមក្នុងមួយឆ្នាំ ក្នុងនោះ មានទាំងគេឲ្យលុយ និងឲ្យខ្ចី ហើយភាគច្រើន យើងខ្ចីគេយកមកអភិវឌ្ឍប្រទេស ភាគច្រើនផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
ម្ចាស់ជំនួនធំៗចំនួន ៥ដែលនៅបន្តសកម្មភាពផ្ដល់ជំនួយចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២៤ មានចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលមានទឹកប្រាក់សរុបចំនួនជាង ៥ពាន់លានដុល្លារអាមេរិក ក្នុងនោះចិនផ្ដល់ ១៧៥០លានដុល្លារ និងជប៉ុនផ្ដល់ ១៧០០លានផ្សេងគ្នា នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២២។
ការអះអាងរបស់ម្ចាស់ជំនួយលើឡើងថា នៅត្រឹមឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៅពេលដែលកម្ពុជាក្លាយជាប្រទេសជឿនលឿន នៅពេលនោះ ជំនួយនឹងផ្លាស់ប្ដូរទៅជាកម្ចីដែលផ្ដោតលើ ការអភិវឌ្ឍសមត្ថភាព ផលិតកម្ម ការអភិវឌ្ឍបច្ចេកទេសទំនើប និងការអភិវឌ្ឍមូលធនមនុស្ស។
បច្ចុប្បន្ន ម្ចាស់ជំនួយដែលផ្ដល់លុយដល់កម្ពុជា លើការសាងសង់ផ្លូវ និងជួសជុលផ្លូវ មានចិន ជប៉ុន ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី។ ហើយហេដ្ឋារចនសម្ព័ន្ធទាំងអស់នៅកម្ពុជា មានប្រវែងជាង ៤ម៉ឺន៤ពាន់គីឡូម៉ែត ក្នុងនោះផ្លូវជាតិ និងផ្លូវខេត្តមានប្រមាណ ២៥%៕
ដោយ៖ អាន ស៊ីថាវ