(ភ្នំពេញ)៖ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ត្រូវបានក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទីនាពេលខាងមុខ។
ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះរៀបចំឡើង ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំនិងតំណាងក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្តទាំង២៥ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា សមាគមនិងវិស័យឯកជនពាក់ព័ន្ធ សរុបប្រមាណ ២៥០នាក់។
លោកបានប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថាការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមគ្នានេះលោកបានលើកឡើងអំពីសក្តានុពលនៃដំណាំស្វាយចន្ទីកម្ពុជា ដែលជាដំណាំកសិ-ឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈ គុណភាព ការកែច្នៃ និងការនាំចេញដែលទទួលបានតម្លៃខ្ពស់។
លោកបន្តថា ការរៀបចំ និងដាក់ចេញគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ពិតជាមានសារៈសំខាន់ ទើបក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះតាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ការរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន ៤០លើក ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកបន្ថែមថា «គោលនយោបាយជាតិនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក»។
ជាមួយគ្នានេះ លោកមានជំនឿយ៉ាងមុតមាំថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃនិងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានថ្លែងអំណរគុណផងដែរចំពោះក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំគោលនយោបាយនេះ និងបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០១៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបានជោគជ័យតាមការរំពឹងទុករបស់រាជរដ្ឋាភិបាល និងបានស្នើឱ្យដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាពិសេសកម្មវិធី CAPRED, កម្មវិធី CRAS របស់ GIZ, អង្គការ HEKs ប្រចាំនៅកម្ពុជា, Harvest III , CIRD, CPSA, បន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយនេះបន្តទៀតផងដែរ។
តាមប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥ ៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០ ៦១ហិកតា បរិមាណទិន្នផលមាន ៥០៨ ២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១ ៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១៥៥៧តោន៕