(អ៊ុងតារីយ៉ូ)៖ ប្រទេសចិន បានបាត់បង់មូលដ្ឋាននាំចេញ ទៅកាន់ដៃគូប្រកួតប្រជែង នៅអាស៊ីផ្សេងទៀត ដោយបាននាំចេញទំនិញតិចជាងមុន ទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែនៅតែស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូល របស់អាមេរិកដដែល រួមជាមួយប្រទេសម៉ិកស៊ិក និងកាណាដា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទិន្នន័យនេះស្ថិតក្នុងចំណោមទិន្នន័យសំខាន់ ដកស្រង់ចេញពីការវិភាគមួយ ដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រុមហ៊ុន Descartes ដែលមានមូលដ្ឋាននៅប្រទេសកាណាដា។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់កាវិភាគនេះថា ក្រុមហ៊ុន Descartes បានផ្តោតទៅលើចំណែករួមនៃការនាំចេញតាមកុងតឺន័ររបស់ចិន ទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។ ការនាំចេញនេះបានកើនឡើងដល់កម្រិតកំពូលក្នុងឆ្នាំ២០១០ ពោលគឺមានចំណែក ៤៤.៥% ហើយនៅទ្រឹងនៅ២០១៧ បន្ទាប់មកបានចាប់ផ្តើមធ្លាក់ចុះរយៈពេល ៥ឆ្នាំ។
ក្រុមហ៊ុន Descartes បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ ចំណែកនាំចេញរបស់ប្រទេសចិនមានចំនួន ៣៥.៨%។
លោក Chris Jones អនុប្រធានប្រតិបត្តិផ្នែកឧស្សាហកម្មនៅក្រុមហ៊ុន Descartes បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិន បាននិងកំពុងបាត់បង់បន្តិចម្តងៗ នូវចំណែកនៃបរិមាណនាំចូលកុងតឺន័រ របស់សហរដ្ឋអាមេរិក ប៉ុន្តែនៅតែជាប្រទេសលេចធ្លោនៃការនាំចេញទំនិញសំខាន់ៗជាច្រើន ក្នុងចំណោមទំនិញទាំង១០ប្រភេទ ដែលនាំចូលដោយសហរដ្ឋអាមេរិក បើទោះបីជាប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដូចជាវៀតណាម ឥណ្ឌា ថៃ និងប្រទេសឥណ្ឌូនេស៊ី បានកសាងសមត្ថភាពយ៉ាងឆាប់រហ័ស នៅក្នុងប្រភេទទំនិញមួយចំនួនក្ដី។
របាយការណ៍នេះបានបន្ថែមថា តួនាទីរបស់ប្រទេសចិន ជាមហាអំណាចនាំចេញកំពុងរក្សាបានយ៉ាងល្អប្រសើរ រហូតមកដល់រយៈពេលមួយ ដែលរួមមានទាំងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន និងក្នុងរយៈពេលដែលរដ្ឋាភិបាលនានា របស់ប្រទេសលោកខាងលិចប្រឹងប្រែងទប់ស្កាត់ ការកើនឡើងរបស់ប្រទេសនេះ ក្នុងនាមជាអ្នកដឹកនាំខាងផ្នែកបច្ចេកវិទ្យាទំនើប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕