(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្ដរជាតិ នៅរយៈពេល ៥ខែដើម ឆ្នាំ២០២៣នេះ សម្រេចបានចំនួន ១៩ ២៩២លានដុល្លារ ធ្លាក់ចុះ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានទឹកប្រាក់ ២២ ៤៨៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យោងតាមរបាយការណ៍បានបញ្ជាក់ថា «ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា មានទឹកប្រាក់ ​១៩ ២៩២លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានចំនួន ៩ ១៨៣លានដុល្លារ ធ្លាក់ចុះ២.៤ភាគរយ ចំណែកការនាំចូលវិញមានចំនួន ១០ ១០៩លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នាដើមសប្តាយ៍មុនបានថ្លែងឲ្យដឹងថា កម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងជាខ្លាំង ក្នុងការជំរុញការនាំចេញទំនិញ។

លោកបន្តថា ការនាំចេញរបស់កម្ពុជា ធ្លាក់ចុះក្នុងអំឡុងពេលដើមឆ្នាំនេះ ដោយសារសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាភូមិសាស្រ្តនយោបាយ ក៏ដូចជាជំងឺកូវីដ១៩។

យ៉ាងណាលោករដ្ឋមន្ត្រីសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ការនាំចេញអាចមានការប្រែប្រួល ឬមានការកើនឡើងវិញ៕