(ព្រុចសែល)៖ សហភាពអឺរ៉ុបបានពង្រីកប្រភេទនៃជនជាតិរុស្សីដែលអាចជាគោលដៅសម្រាប់ការដាក់ទណ្ឌកម្មដើម្បីរួមបញ្ចូលអ្នកជំនួញ និងសមាជិកគ្រួសាររបស់ពួកគេកាន់តែទូលំទូលាយ ខណៈដែលប្លុកនេះព្យាយាមពង្រឹងការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លក្ខណៈវិនិច្ឆ័យនៃទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបដែលចូលជាធរមានចាប់តាំងពីថ្ងៃទី៥ ខែមិថុនាមកនោះ ពង្រីកបញ្ជីប្រភេទមនុស្សដែលអាចត្រូវបានកំណត់គោលដៅដើម្បីរួមបញ្ចូល «អ្នកជំនួញឈានមុខគេដែលកំពុងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី និងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ» ឬមនុស្សផ្សេងទៀតដែលទទួលបានអត្ថប្រយោជន៍ពីពួកគេ។

យោងតាមច្បាប់ទណ្ឌកម្មថ្មីនេះ «អ្នកជំនួញដែលពាក់ព័ន្ធក្នុងវិស័យសេដ្ឋកិច្ចដែលផ្តល់ប្រភពចំណូលដ៏ច្រើន» ដល់ប្រទេសរុស្ស៊ីក៏ស្ថិតក្នុងហានិភ័យនៃទណ្ឌកម្មនេះផងដែរនាពេលឥឡូវនេះ។

សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើមនុស្សជិត ១ ៥០០នាក់ និងអង្គភាពចំនួន ២០៧ គិតចាប់តាំងពីមានការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែនមកដែលការលុកលុយនេះបានចាប់ផ្តើមជាមួយនឹងការរឹបអូសឧបទ្វីបគ្រីមេក្នុងឆ្នាំ២០១៤ ហើយបន្ទាប់មកគឺការចូលលុកលុយប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុន។ ប៉ុន្តែប្រទេសជាសមាជិករបស់ EU មួយចំនួនបានសម្តែងការព្រួយបារម្ភថា ទណ្ឌកម្មមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទេ ហើយបានអនុញ្ញាតឱ្យអ្នកដែលត្រូវបានដាក់ទណ្ឌកម្មអាចជៀសផុតពីការបង្កកទ្រព្យសម្បត្តិតាមរយៈសមាជិកគ្រួសារ ឬអ្នកដទៃផ្សេងទៀត។

សហភាពអឺរ៉ុបពិនិត្យមើលឡើងវិញនូវបញ្ជីដាក់ទណ្ឌកម្មរបស់ខ្លួនរៀងរាល់ប្រាំមួយខែម្តង ដែលមានន័យថា លក្ខណៈវិនិច្ឆ័យថ្មីនេះអាចត្រូវបានអនុវត្តនៅជុំបន្ទាប់ក្នុងខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕