(ក្រចេះ)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តឲ្យកសិករដែលធ្វើចម្ការស្វាយចន្ទី គួរពិចារណាលើការខ្ចីកម្ចីឥណទានពីធនាគារកសិកម្មមួយនេះ ដើម្បីចាត់ចែងច្រវាក់ផលិតកម្មដំណាំស្វាយចន្ទីរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។
លោកអគ្គនាយកលើកឡើងដូចនេះធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និងសិស្សនិស្សិតសាកលវិទ្យាល័យក្រចេះប្រមាណជាង១០០នាក់។
នាឱកាសនោះ លោកបានអនុញ្ញាតឲ្យកសិករលេីកឡើងនូវបញ្ហាប្រឈមនានា ព្រមជាមួយនឹងសំណូមពរផ្សេងៗមកកាន់ធនាគារ ARDB។
លោកអគ្គនាយកបានជម្រាបជូនដល់ប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជាទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះហើយដើម្បីកម្ពុជាក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី នាពេលអនាគតបាន បញ្ហាប្រឈមផ្សេងៗដែលកសិករបានលើកឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។
លោកក៏បន្តស្នើសុំឲ្យប្រជាកសិករដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រេីន ហេីយនៅជិតគ្នាគួរចងក្រងជាសហគមន៍ ឬជាបណ្តុំអ្នកផលិត ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការដាំដុះ និងផ្សារភ្ជាប់ទៅទីផ្សារ។
លោកបានលើកទឹកចិត្តឲ្យកសិកររួមគ្នាស្នេីសុំឥណទានជាទុនវិនិយោគសម្រាប់សាងសង់ឃ្លាំង លានហាល ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលេីទីផ្សារ។
លោកបានបន្តថា ក្នុងករណី តំណាងសហគមន៍ ឬសមាជិកសហគមន៍ ឬប្រជាកសិករដែលចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី គឺអាចស្នើសុំឥណទានពីធនាគារ ARDB បាន ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាលជាដើម ហើយអអត្រាការប្រាក់នេះគឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះប្រជាកសិករនៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី និងដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម។
លោក កៅ ថាច បានលើកទឹកចិត្តដល់កសិករគិតគូរស្នើសុំឥណទានពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០%នៃតម្លៃគ្រាប់ស្វាយចន្ទីក្នុងឃ្លាំងស្តុក។
លោកបណ្ឌិតក៏បានសំណូមពរដល់ប្រជាកសិករទាំអស់គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃឲ្យ ស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ នៅពេលទទួលបានឥណទានពីធនាគារ។
គួរបញ្ជាក់ថា ផ្ទៃដីដាំដុះស្វាយចន្ទីនៅទូទាំងខេត្តក្រចេះមានប្រមាណជាង៨០ ,០០០ហិកតា៕