(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខារួចរាល់កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងប្រធានសហព័ន្ធស្រូវកម្ពុជា មានសុទិដ្ឋនិយមថា អេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាទីផ្សារធំសម្រាប់កម្ពុជាពង្រីកការនាំចេញអង្ករ និងភ្ជាប់ទៅប្រទេសផ្សេងទៀត។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានផ្តល់សក្តានុពល និងជាទីតាំងថ្មីមួយទៀតដែល វិស័យស្រូវអង្ករកម្ពុជានឹងពង្រីកទីផ្សារនាពេលខាងមុខ។

បន្ថែមពីទីផ្សារនេះ ទំនិញកម្ពុជាក៏អាចផ្សារភ្ជាប់ទៅតំបន់អារ៉ាប់ និង Middle East ព្រមទាំងបន្តឆ្លងទៅប្រទេសមួយចំនួនទៀត ក្នុងតំបន់អាហ្វ្រិក និងប្រទេសមួយចំនួនទៀតនៅទ្វីបអាមេរិក។

លោកបន្តថា «ដោយសារតែអារ៉ាប់រួម ក៏ដូចជាតំបន់អារ៉ាប់នេះ មានប្រវត្តិក្នុងការធ្វើពាណិជ្ជកម្មរាប់ពាន់ឆ្នាំមកហើយ។ហេតុនេះហើយ ការដែលយើងផ្សារភ្ជាប់នេះ គឺជាការបើកនូវច្រកផ្គត់ផ្គង់នៅអារ៉ាប់ ឬជាច្រកផ្គត់ផ្គង់បន្ថែមទៀត ដល់ពាណិជ្ជករអារ៉ាប់ បន្តធ្វើការងារនេះឱ្យកាន់តែទូលំទូលាយ»

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មបានថ្លែងថា អេមីរ៉ាតអារ៉ាប់រួម ជាប្រទេសមួយដែលសំខាន់ សម្រាប់ការនាំចេញផលិតផលកសិកម្ម ដោយសារប្រទេសមានតម្រូវការទៅលើសន្តិសុខស្បៀង ។ នាពេលខាងមុខលោករំពឹងថា អេមីរ៉ាតអារ៉ាប់រួមនឹងក្លាយជាទីផ្សារធំ សម្រាប់ការនាំចេញអង្ករកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កម្ពុជានឹងទទួលបានទីផ្សារប្រមាណ៩៧.៨% នៃបន្ទាត់ពន្ធសរុប ឬស្មើនឹងចំនួន ៧ ៦៧៨ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ដែលកម្ពុជា ទទួលបានទីផ្សារ គឺស្ទើរតែគ្រប់មុខទំនិញទាំងអស់ ក្នុងនោះ មុខទំនិញកសិកម្ម រួមមានអង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ ជាដើម។

លោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួម បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា អេមីរ៉ាតអារ៉ាប់រួម គឺជាគោលដៅនៃការនាំចេញដ៏ធំរបស់ពិភពលោក ដូច្នេះវាពិតជាល្អណាស់ ដែលមានកម្ពុជាជាប្រភពនាំចូលដ៏សំខាន់។

លោកបន្តថា «យើងមានការចាប់អារម្មណ៍ ចំពោះនាំចេញផលិតផលកសិកម្ម និងអង្ករនេះ កន្លងមកក៏មានក្រុមហ៊ុនរបស់យើងមួយចំនួន បានចូលរួមកិច្ចការនេះហើយ ហើយយើងអាចនឹងឈានទៅមុខទៀត ដើម្បីជួយដល់វិស័យកសិកម្មនៅកម្ពុជា»

បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បន្ថែមពីទីផ្សារអេមីរ៉ាតអារ៉ាប់រួម កម្ពុជាក៏នឹងពិនិត្យលទ្ធភាពសិក្សា ក្នុងការចរចាកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផ្សេងៗដូចជា តួគី ស្វីស ប៉ាគីស្ថាន ដោយសារកម្ពុជាជាប្រទេស មានសក្តានុពលលើវិស័យកសិកម្ម ដើម្បីផលិត និងកែច្នៃទៅកាន់បណ្តាប្រទេសទាំងនោះ ដែលជាចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅរយៈពេល៥ខែដើម ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨ ១៨៤តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោន ទទួលបានថវិកាចំនួន ៧៣៦.៩០លានដុល្លារ៕