(អ៊ីស្តង់ប៊ុល)៖ ជាមួយនឹងចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសកើនឡើងវិញដល់ជាង ៩០ភាគរយនៃកម្រិតមុនជំងឺរាតត្បាត ឧស្សាហកម្មអាកាសចរណ៍បានបង្កើនការព្យាករប្រាក់ចំណេញសុទ្ធរបស់ខ្លួនច្រើនជាងទ្វេដងដល់ ៩,៨ពាន់លានដុល្លារពី ៤,៧ពាន់លានដុល្លារដោយសារតម្រូវការធ្វើដំណើរដ៏ខ្លាំង និងការធ្លាក់ចុះតម្លៃប្រេងសម្រាប់ឆ្នាំនេះ។ នេះបើយោងតាមកាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយសមាគម IATA ថា ការធ្វើដំណើរក្នុងស្រុកបានជាស្ទុះងើបឡើងវិញទាំងស្រុង ខណៈពេលដែលចរាចរណ៍អន្តរជាតិកំពុងកើនឡើង ដោយមានក្រុមហ៊ុនដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនាំមុខគេក្នុងការស្ទុះងើបឡើងវិញនេះ។
សមាគមដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ប្រហែល ៣០០ក្រុមហ៊ុននេះបានឱ្យដឹងថា ការថមថយអតិផរណា និងការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈ បង្ហាញឱ្យឃើញនូវនិរន្តរភាពនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាសដ៏រឹងមាំ និងការធ្លាក់ចុះការចំណាយ។
កាសែត CNA បាននិយាយទៅកាន់ប្រធានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគម IATA រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ប្រធានក្រុមហ៊ុនទាំងនោះបាននិយាយថា តម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែរឹងមាំ ហើយចក្ខុវិស័យរកប្រាក់ចំណេញមានភាពរឹងមាំ ប៉ុន្តែបានព្រមានថា ការពន្យារពេលក្នុងការទទួលបានយន្តហោះអាចង្អាក់ការស្ទុះងើបឡើងវិញនេះ និងធ្វើឱ្យតម្លៃសំបុត្រខ្ពស់។
ការធ្វើដំណើរតាមយន្តហោះជើងពិសេស (Premium air travel) ក៏កាន់តែមានប្រជាប្រិយភាពផងដែរ ដោយមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងព្យាយាមបំពេញកង្វះខាតនៅក្នុងទីផ្សារនេះជាមួយនឹងការផ្តល់ជូនការហោះហើរកាន់តែមានភាពប្រណិត។
បើទោះបីជាភ្ញៀវទេសចរកំពុងសម្រុកត្រឡប់ទៅទស្សនាប្រទេសជប៉ុនវិញក៏ដោយ ក៏ចរាចរណ៍ហោះហើរចេញក្រៅប្រទេសរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន JAL នៅតែខ្សោយដោយមាននៅត្រឹមតែប្រហែល ៥០ភាគរយនៃកម្រិតមុនជំងឺរាតត្បាតប៉ុណ្ណោះ។
ការធ្លាក់ចុះថ្លៃប្រាក់យ៉េន និងការកើនឡើងអតិផរណាបានបង្អាក់ចំណង់ធ្វើដំណើរចេញក្រៅប្រទេសរបស់ពលរដ្ឋជប៉ុន។
ទីផ្សាររវាងប្រទេសជប៉ុន និងចិនដីគោកនៅតែធ្លាក់ចុះ ដោយប្រេកង់ជើងហោះហើររបស់ក្រុមហ៊ុន JAL នៅតាមបណ្តោយផ្លូវនេះដំណើរការតិចជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងមុនពេលមានជំងឺរាតត្បាត។ នេះបើយោងតាមកាសែត CNA៕