(ប៉េកាំង)៖ ប្រទេសចិនកាលពីថ្ងៃទី៨ ខែមិថុនា បានប្រកាសយុទ្ធនាការទូទាំងប្រទេសដើម្បីជំរុញការទិញរថយន្តនៅក្នុងវិធានការជំរុញដ៏សំខាន់មួយដើម្បីបង្កើនតម្រូវការក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនបានកើតឡើងភ្លាមៗបន្ទាប់ពីទិន្នន័យបង្ហាញថាការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសចិនបានកើនឡើង ៧,៣ភាគរយនៅក្នុងខែឧសភាធៀបនឹងខែមេសា ពោលគឺកើនឡើងបើធៀបនឹងអត្រាប្រចាំខែ ប៉ុន្តែចំនួននេះស្ថិតនៅឆ្ងាយពីគោលដៅដែលក្រុមអ្នកបង្កើតគោលនយោបាយកំពុងសង្ឃឹមថានឹងទទួលបាន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិននឹងសម្របសម្រួល និងជំរុញអាជ្ញាធរមូលដ្ឋានឱ្យដាក់ចេញនូវគោលនយោបាយ និងវិធានការកំណត់គោលដៅ ដើម្បីគាំទ្រការប្រើប្រាស់រថយន្ត។ ស្ថាប័នហិរញ្ញវត្ថុនានានឹងត្រូវបានលើកទឹកចិត្តឱ្យដាក់ចេញវិធានការជំរុញផ្តល់ប្រាក់កម្ចីសម្រាប់ការទិញរថយន្ត។
យុទ្ធនាការនេះនឹងកំណត់គោលដៅលក់រថយន្តជាច្រើនប្រភេទ រួមមានទាំងរថយន្តថ្មី និងរថយន្តមួយទឹក ហើយជំរុញឱ្យមានការប្រើប្រាស់រថយន្តថាមពលថ្មី (NEVs) ដូចជារថយន្តដែលប្រើអាគុយ និងរថយន្តប្រើសាំង-អគ្គិសនីជំនួសរថយន្តសាំង។
ទោះជាយ៉ាងណា ក្រសួងមិនបានបញ្ជាក់ថាតើថវិកាប៉ុន្មានដែលខ្លួននឹងផ្តល់ជូនសម្រាប់គម្រោងនេះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលគ្រោងនឹងពង្រីក និងបង្កើនប្រសិទ្ធភាពវិធានការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការទិញប្រភេទ NEV និងសម្លឹងមើលមធ្យោបាយនានាដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍របស់រថយន្តប្រភេទនេះ។ ក្រុមមន្ត្រីចិនកាលពីខែឧសភាក៏បានប្រកាសអំពីវិធានការជំរុញការទិញរថយន្តប្រភេទ NEV នៅតាមតំបន់ជនបទផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕