(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើរដ្ឋបាលគយចិន ផ្ដល់ជំនួយបច្ចេកទេស ក្នុងការកសាងសមត្ថភាព ដើម្បីបន្តអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា។
ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយបណ្ឌិត គុណ ញឹម និងរដ្ឋបាលគយចិន ដឹកនាំដោយលោក Wang Lingjun អនុរដ្ឋមន្រ្តីនៃរដ្ឋបាលគយចិន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគយ ស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ជាការឆ្លើយតនឹងការស្នើរបស់មេគយកម្ពុជា, លោកអនុរដ្ឋមន្ត្រីនៃរដ្ឋបាលគយចិន បានសំដែងនូវការគាំទ្រចំពោះសំណើនេះ និងស្នើឲ្យគយកម្ពុជាលើកតម្រូវការជាក់លាក់តាមរយៈនាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ នៃរដ្ឋបាលគយទាំងពីរ។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី គុណ ញឹម បានសំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូគយចិន និងបានលើកឡើងអំពីទំនាក់ទំនងពិសេស រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគយ៉ាងសំខាន់របស់កម្ពុជា ហើយយោងតាមនេះ រដ្ឋបាលគយនៃប្រទេសទាំងពីរ ត្រូវសហការគ្នាឲ្យបានសកម្ម ជាពិសេសក្នុងការអនុវត្តឲ្យរលូន និងមានប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
លោករដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូ គយចិនអំពីការងារកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជាផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃរដ្ឋបាលគយទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបានឯកភាពគ្នាលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
* ការធ្វើទំនើបកម្មរដ្ឋបាលគយជារដ្ឋបាលវៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងតាមព្រំដែន
* ជំរុញការរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា លើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) រវាងរដ្ឋបាលគយទាំងពីរ
* សហការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែននានា ដូចជាការរត់ពន្ធគ្រឿងញៀន ទំនិញហាមឃាត់ និងការជួញដូរសត្វព្រៃជិតផុតពូជជាដើម (CITES) ដោយត្រូវបង្កើតចំណុចទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មានឲ្យបានទាន់ពេលវេលា
* បន្តជំរុញការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (E-Certificate of Origin) ដើម្បីពន្លឿនការបំពេញបែបបទគយ
* ពិភាក្សាអំពីការអនុវត្តរួមគ្នានូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត (AEO) ដើម្បីបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម
* សហការផ្លាស់ប្ដូរបទពិសោធនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ
* គាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចសហការប្រតិបត្តការគយ ក្នុងកម្រិតតំបន់ និងពិភពលោក។
ដើម្បីតាមដានការអនុវត្តស្មារតីនៃកិច្ចប្រជុំនេះ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរបន្ថែមទៀត លោកអនុរដ្ឋមន្ត្រីបានអញ្ជើញលោករដ្ឋមន្ត្រី គុញ ញឹម និងសហការីទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋបាលគយចិន តាមពេលវេលាសមស្របនាពេលខាងមុខ ។
ជារួមរដ្ឋបាលគយនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីនាពេលនេះ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព ប្រកបដោយលទ្ធផលជាផ្លែផ្កាល្អប្រសើរ៕