(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើកជាការផ្តល់យោបល់ដល់វិនិយោគិនកម្ពុជា ដែលចង់វិនិយោគលើផ្សារហ៊ុន គួររៀនពិនិត្យមើលជាចម្បងលើក្រុមហ៊ុនដែលខ្លួនចង់ទិញភាគហ៊ុន ជាជាងសម្លឹងមើលតែតម្លៃភាគហ៊ុនតែមួយមុខ។
ការលើកឡើងរបស់លោក ហុង សុហួរ ធ្វើឡើងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ដែលរៀបចំឡើងនៅទីតាំងកំពង់ផែស្វយ័តភ្នំពេញ។
លោក ហុង សុហួរ បានលើកឡើងថា «ខ្ញុំតែងតែលើកទឹកចិត្តឲ្យវិនិយោគិនត្រូវចេះពិនិត្យមើលថា បើសិនថ្លៃភាគហ៊ុនដែលខ្លួនឯងបានទិញ មិនបានកើនឡើងនោះទេ សូមក្រឡែកទៅមើលមួយចំណុចទៀតថា តើអាជីវកម្មរបស់ក្រុមហ៊ុននោះប្រែប្រួល ឬកើនឡើងដែទេ? ពេលខ្លះថ្លៃភាគហ៊ុនធ្លាក់ចុះ ឬនៅដដែលក៏ដោយ ប៉ុន្ដែបើអាជីវកម្មប្រចាំឆ្នាំរបស់ក្រុមហ៊ុនមួយនោះ កើនឡើងទៀតទាត់ល្អ ដោយអាចចំណេញ ១០ ឬ១៥ភាគរយក្នុងមួយឆ្នាំៗហើយនោះ មានន័យថា ក្រុមហ៊ុននៅតែរក្សាភាពល្អប្រសើរ»។
លោកបានបញ្ជាក់ថា ជាក់ស្ដែងដូចកំពង់ផែក្រុងភ្នំពេញ តម្លៃភាគហ៊ុននៅរយៈពេល២ឆ្នាំដំបូង គឺមិនបានកើនឡើងនោះទេ ដោយរក្សាបានស្ថានភាពដដែល ក្នុងតម្លៃចន្លោះ ៥០០០ទៅ៥២០០រៀល ដែលធ្វើឲ្យវិនិយោគិន ដែលទិញភាគហ៊ុនហាក់អស់សង្ឃឹម ចំណែកអ្នកខ្លះទៀត បានលក់ភាគហ៊ុននេះចោលតែម្ដង ក៏ប៉ុន្ដែនៅឆ្នាំទី៣ ភាគហ៊ុនរបស់កំពង់ផែក្រុងភ្នំពេញ បានកើនឡើងយ៉ាងខ្លាំង កត្តាទាំងនេះហើយដែលផ្សារមូលបត្រកម្ពុជា តែងតែលើកទឹកចិត្តដល់វិនិយោគិនរៀនពិនិត្យ និងមើលឲ្យបានច្បាស់លាស់ លើក្រុមហ៊ុនដែលខ្លួនបានទិញភាគហ៊ុន ចៀសជាងការសម្លឹងមើលតែនៅលើតម្លៃភាគហ៊ុន។
លោក ហុង សុហួរ បានថ្លែងថា ផ្សារហ៊ុនពិតជារួមចំណែកជាច្រើន ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ព្រោះយើងមិនអាចរីកចម្រើនអស់លទ្ធភាពនោះទេ ប្រសិនជាផ្សារហ៊ុនមិនរីកច្រើន ដូច្នេះការវិនិយោគលើវិស័យផ្សារមូលបត្រជា ការរួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន៕