(ស្ទឹងត្រែង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន បន្តជំរុញដល់សហគមន៍ស្វាយចន្ទីទាំងអស់ក្នុងខេត្តស្ទឹងត្រែងដោយឡែក និងកសិករដាំស្វាយចន្ទីទាំងអស់នៅទូទាំងប្រទេសនិយាយជារួម ត្រូវគិតគូរចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនទទួលទិញ ដើម្បីធានាដល់ស្ថិរភាពនៃតំលៃស្វាយចន្ទី លើទីផ្សារ និងទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ លើផ្នែកបច្ចេកទេសពីក្រុមហ៊ុនផងដែរ។
ការស្នើនេះធ្វើឡើងក្នងឱកាសលោកបណ្ឌិត និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយ គោលការណ៍ឥណទាន គាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ដល់សហគមន៍ចំនួន ១០ ដែលមានផ្ទៃដីដាំដុះសរុបចំនួន ២ ០០០ហិកតា នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោកបណ្ឌិតបានលើកឡើងពី ប្រសាសន៍ប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន គឺជំរុញការដាំដុះស្វាយចន្ទី និងបានដាក់ចេញនូវគោលនយោបាយគាំទ្រ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត។
ជាមួយគ្នានេះដែរ លោកបណ្ឌិតបានលើកទឹកចិត្តដល់ ក្រុមហ៊ុនសហគមន៍ ឬសមាជិកសហគមន៍ និងប្រជាពលរដ្ឋក្នុងករណីមានតម្រូវការឥណទាន អាចធ្វើការស្នើសុំឥណទានពីធនាគារ ARDB ដែលជាធនាគាររដ្ឋបាន ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញម៉ាស៊ីនបកស្វាយចន្ទី, សាងសង់ឃ្លាំងស្តុក លានហាល និងពង្រីកការដាំដុះស្វាយចន្ទី ទិញថ្នាំ ជី និងថែទាំជាដើម។
បណ្ឌិតបានថ្លែងបញ្ជាក់ថា ចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីអាចយកពង្រីកចំការស្វាយចន្ទី និងចំការផ្សេងៗ ដែលស្ថិតក្នុងវិស័យកសិកម្ម និងដើម្បីបង្កើនខ្សែច្រវាក់ផលិតកម្ម សម្រាប់នាំចេញផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេស ដើម្បីឱ្យមានការប្រកួតប្រជែង និងបានផ្តល់ការងារឱ្យកូនចៅ ប្រជាពលរដ្ឋធ្វើការនៅក្នុងភូមិស្រុក ផងដែរ។
បណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់បងប្អូន និងក្រុមហ៊ុន អាចគិតគូរស្នើសុំឥណទានពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីដែលមាននៅក្នុងឃ្លាំងស្តុក។
បណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន។
សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន ឃែស៊ូណាត់ (CASHEW Nuts) បានធ្វើការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នា ហើយធ្វើការវេចខ្ចប់តាមស្តង់ដារបច្ចេកទេស នៃការបញ្ជាទិញ ដោយផលិតផលដែលកំពុងវេចខ្ចប់ទាំងនោះគឺ ១-គ្រប់ស្វាយចន្ទី មានរសជាតិប្រៃ, ២-ស្វាយចន្ទីរសជាតិទឹកដោះគោ, ៣- ស្វាយចន្ទីរសជាតិឈើឯម និង ៤-ស្វាយចន្ទីរសជាតិតុងយ៉ាំ។ ផលិតផលទាំងនេះ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស៕