(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនសក្ដានុពល ចាប់ឱកាសវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ចំពោះក្រុមហ៊ុនដែលគ្រោងនឹង វិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា នឹងទទួលបានជំនួយបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «សក្តានុពលនៃការវិនិយោគ លើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា»

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការបោះផ្សាយលក់សញ្ញាបណ្ណនិរន្តរភាព និងការវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា និងភាពចាំបាច់ដែលសហគ្រាសអាជីវកម្ម និងវិនិយោគិនសក្តានុពលត្រូវគិតគូរពីបញ្ហានេះ ព្រមទាំងផ្សព្វផ្សាយអំពីជំនួយបច្ចេកទេសរបស់ ADB សម្រាប់គាំទ្រដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជាផងដែរ។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា «ការផ្តល់ត្រឡប់ទៅឱ្យសហគមន៍វិញឃ្លានេះ ពិតជាមានន័យខ្លាំងណាស់សម្រាប់សហគមន៍ និងអនាគតរបស់មនុស្សជំនាន់ក្រោយ ការបោះផ្សាយលក់ និងការចូលរួមវិនិយោគលើសញ្ញាបណ្ណនិរន្តរភាព ជាការបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមផ្តល់ត្រឡប់ទៅឱ្យសហគមន៍វិញ ដោយហេតុថា កម្ពុជាស្ថិតក្នុងដំណាក់កាលដំបូង នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ចំនួនវិនិយោគិន នៅមានកម្រិតតិចនៅឡើយ ដូចនេះខ្ញុំសូមលើកទឹកចិត្តឱ្យវិនិយោគិនសក្តានុពល​ចាប់យកឱកាសនេះវិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។ សម្រាប់ក្រុមហ៊ុនមានបំណងបោះផ្សាយលក់ សញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ក៏នឹងមានឱកាសទទួលបានជំនួយបច្ចេកទេសពី ដៃគូអភិវឌ្ឍសំខាន់ៗរបស់យើង ដូចជា ADB ជាដើម»

លោក ស៊ុំ ធី បានលើកឡើងថា «កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដូចនេះជាប្រទេសកាន់តែងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ យើងមិនអាចបង្កើនភាពធន់នឹងអាកាសធាតុ ដោយគ្មានការវិនិយោគលើ ការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនោះទេ សព្វថ្ងៃនេះការគាំទ្រពីអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាចំណែក ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ អាស្រ័យហេតុនេះទើបមានការពិភាក្សាពីមូហេតុដែលគួរ វិនិយោគលើសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា»

លោកបានបន្ថែមថា ពិតជាត្រូវការខ្លាំងណាស់ចំពោះវិនិយោគិនមើលឃើញពីតម្លៃ និងឱកាសនៃការវិនិយោគលើការអភិវឌ្ឍ ប្រកដបដោយនិរន្តរភាព វិនិយោគិនដែលសម្លឹងឃើញពី ទស្សនវិស័យរយៈពេលវែង ពិតជារីករាយដែលឃើញមានក្រុមហ៊ុន បោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជាខ្ញុំសង្ឃឹមថា នឹងមានក្រុមហ៊ុនកាន់តែច្រើនបោះផ្សាយសញ្ញាបណ្ណនេះនាពេលអនាគត។

លោក Kosintr Puongsophol ក៏បានគូសបញ្ជាក់ថា អាស៊ីនឹងខាតបង់រហូតដល់២៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ ក្នុងឆ្នាំ២១០០ អាស៊ានត្រូវបានគេរំពឹងទុកថា នឹងខាតលើសពី៣២% នៃ GDP ក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នខ្ពស់ ដូចនេះត្រូវតែកៀរគរមូលនិធិឱ្យបានឆាប់បំផុត ដើម្បីបំពេញចន្លោះ នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញប្បទានអាកាសធាតុ ដែលធ្វើឡើងតាមរយៈយន្តការទាំង៤នេះរួមមាន ទីផ្សារមូលបត្រ ដោយការបោះផ្សាយលក់សញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណតាមគម្រោងផ្សេងទៀត, គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈការផ្តល់ហិរញ្ញប្បទានអាកាសធាតុ, ការលើកកម្ពស់ការយល់ដឹង និងបំនិនដល់ប្រជាជនក្នុងស្រុក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុនិរន្តរភាពដើម្បីសម្រួលដល់ការកៀរគរមូលនិធិ៕