(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាសមាគមផលិតស្បែកជើងកម្ពុជា បានលើកឡើងថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារថ្មី និងជាទីផ្សារដ៏មានសក្តានុពល សម្រាប់ផលិតផល ស្បែកជើង កាបូប និងផលិតផលធ្វើដំណើររបស់កម្ពុជា ខណៈកិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចុះហត្ថលេខាហើយ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាសមាគមផលិតស្បែកជើងកម្ពុជា មានប្រសាសន៍ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំសម្រាប់ផលិតផល ស្បែកជើង ព្រោះអេមីរ៉ាតអារ៉ាប់រួម គឺជាប្រទេសធំ ជាប្រទេសអ្នកមាន ​ហើយប្រជាជនភាគច្រើនហ៊ានចំណាយលុយច្រើន ហេតុនេះហើយកម្ពុជាសំឡឹងឃើញប្រទេសនេះ នឹងក្លាយជាទីផ្សារធំ និងជាទីផ្សារថ្មី សម្រាប់ការនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនាពេលខាងមុខ។

លោកបានឱ្យដឹងបន្តថា «ខ្ញុំគិតថា អារ៉ាប់រួមនេះគឺជាទីផ្សារល្អ សម្រាប់ផលិតផលស្បែកជើង ​និងផលិតសម្រាប់ធ្វើដំណើរ។ កន្លងមកយើងមិនបាននាំចូលដោយផ្ទាល់ទេ ដោយសារទីផ្សារធំរបស់យើង គឺនាំចេញទៅអឺរ៉ុប និងអាមេរិក អង់គ្លេស អាស៊ាន ជប៉ុន កូរ៉េ ហើយកន្លះឆ្នាំនេះយើងមាននាំទៅចិនដែរ ដោយសារក្រសួងពាណិជ្ជកម្មចុះកិច្ចព្រមព្រៀងជាមួយចិន»។ ​

លោកបន្ថែមថា «ស្របពេលក្រសួងពាណិជ្ជកម្ម បានទៅពិភាក្សាការងារចុះកិច្ចព្រមព្រៀងជាមួយអារ៉ាប់រួម ​ទីផ្សារនេះ គឺមានសក្តានុពលបើកទីផ្សារសម្រាប់ឱ្យវិស័យស្បែកជើង កាបូប ផលិតផលធ្វើដំណើរនៅថ្ងៃអនាគត នៅពេលកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពហើយ ដាក់ឱ្យអនុវត្ត យើងអាចនាំចូលដោយមិនបាច់បង់ពន្ធ។ ខ្ញុំគិតថា ទីផ្សារនេះគឺល្អសម្រាប់វិស័យរោងចក្រឧស្សាហកម្មនៅកម្ពុជាយើង គឺអាចជួយបានច្រើនមែនទែន ក្នុងការនាំចេញទៅប្រទេសថ្មីៗទៀត​​»

លោកបន្ថែមថា នៅពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដាក់ឱ្យអនុវត្ត រំពឹងថាផលិតផល ស្បែកជើង កាបូប និងផលិតផលធ្វើដំណើររបស់កម្ពុជា ​​នឹងអាចនាំចេញទៅប្រទេសនេះលឿន ដោយសារបច្ចុប្បន្ននេះ បណ្តារោងចក្រមួយចំនួន មានផលិតផលដែលអាចនាំចេញភ្លាមៗបាន។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម​បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ទំនិញសំខាន់ៗរបស់កម្ពុជា ដូចជាស្បែកជើង សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងកង់ជាដើម នឹងត្រូវបាននាំចេញទៅកាន់ប្រទេស អេមីរ៉ាតអារ៉ាប់រួម ដោយត្រូវលើកលែងឬកាត់បន្ថយពន្ធ។

លោកគូសបញ្ជាក់ថា ក្រៅពីប្រទេសអេមីរ៉ាតអារ៉ាប់រួម កម្ពុជាក៏អាចឈោងចាប់នូវទីផ្សារផ្សេងទៀត នៅទ្វីបអាហ្រ្វិកផងដែរ។

លោកបន្តថា «នេះជាលើកទី១ហើយ ដែលកម្ពុជាបានឈានចូលទីផ្សារមជ្ឈឹមបូព៌ា​ ដែលយើងឃើញថា ជាសក្តានុពលមួយ ហើយជាកន្លែងមួយដែលយើងឈានចូល​លើប្រទេស​អាហ្រ្វិកនៅថ្ងៃក្រោយ។ ខ្ញុំសូមជម្រាបថា បើយើងនិយាយពីអាស៊ីសិង្ហបុរី គឺជាកន្លែងមួយដែឡចែកចាយទំនិញនៅអាស៊ី។​ អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាកន្លែងមួយចែកចាយទៅទ្វីបអាហ្រ្វិក»

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញស្បែកជើងក្នុងតម្លៃ​ជាង ៤៣៦លានដុល្លារអាមេរិក ធ្លាក់ចុះ២៣.៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

អ្នកឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា ស្របពេលដែលការនាំចេញផលិតផលស្បែកជើងបានធ្លាក់ចុះ គួរឱ្យកត់សម្គាល់នេះនៅដើមឆ្នាំនេះ ​លោករំពឹងថា ទីផ្សារប្រទេសអារ៉ាប់រួម ដែលជាទីផ្សារថ្មីនេះ នឹងអាចជួយកាត់បន្ថយបញ្ហាធ្លាក់ចុះនេះបាន៕