(កំពង់ធំ-ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមន៍សាក្រាមរុងរឿង ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ស្រូវ និងដំឡូងមី។
បច្ចុប្បន្នសហគមន៍សាក្រាម បានដាំដុះស្វាយចន្ទីសរុបចំនួន ១ ២០០ហិកតា ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិត្រសាក្រាម ឃុំសាក្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងករណីសហគមន៍ ឬសមាជិកចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់សមរម្យ។
ជាមួយគ្នានេះ បណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាពការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារផងដែរ។
ក្រុមហ៊ុនសានតាណាអាហ្គ្រោប្រដាក់ (SANTANA) បានធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយ លើផ្ទៃដីចំនួន ៨៥០ហិកតា ហើយបច្ចុប្បន្នកំពុងប្រមូលផលស្វាយចន្ទីលើផ្ទៃដី ២៥០ហិកតា ដោយប្រើពូជ M23 ហើយផ្តល់ទិន្នផលបាន ៤-៥តោន/ហិកតា(បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។
ទន្ទឹមនេះ រោងចក្របានធ្វើការកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារបរទេស ក្នុងនោះប្រទេសចិនជាទីផ្សារទទួលទិញធំជាងគេ ហើយក៏មាននាំចេញផងដែរទៅទីផ្សារអឺរ៉ុប កូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀត។ ដោយឡែកសមត្ថភាពក្នុងការផលិត រោងចក្រនេះអាចធ្វើការកែច្នៃបាន ១០តោន/ថ្ងៃ និងបានប្រើកម្លាំងពលកម្មសរុបចំនួន១២០នាក់។
បណ្ឌិតបានសំណូមពរឱ្យក្រុមហ៊ុន សូមអោយបន្តជួយប្រមូលទិញស្វាយចន្ទី ពីសហគមន៍ទាំង៣៥ នៅទូទាំងខេត្តព្រះវិហារផងដែរ។
បន្ទាប់មក លោកបណ្ឌិត កៅ ថាច បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមម៍កសិកម្ម អូរខ្លែងព័រមានជ័យ ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ដំឡូងមី និងទទួលសេវាកម្ម បោកស្រូវ បោកសណ្តែកដល់ទីកន្លែង និងកែច្នៃគ្រប់ស្វាយចន្ទី។
ក្នុងឱកាសជួបជុំនេះ បណ្ឌិតប្រាប់ដល់សមាជិកសហគមន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ជាមួយគ្នានេះដែរក្នុងករណី សហគមន៍ ឬសមាជិកសហគមន៍ណាម្នាក់ចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB ដោយក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីនបកស្វាយចន្ទីសាងសង់ឃ្លាំងស្តុក លានហាល និងថែទាំជាដើម។
លោកបណ្ឌិតបានបញ្ជាក់ថា ចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកវិស័យកសិកម្ម។
ដោយឡែកបន្ថែមពីនេះ បណ្ឌិតក៏បានណែនាំអំពីវត្តមានរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ដែលនឹងចូលរួមជួយគាំទ្រខាងបច្ចេកទេសដាំដុះ និងទទួលទិញកសិផលស្វាយចន្ទី ពីសហគមន៍ផងដែរ។
លោកបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នើសុំឥណទាន ពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន នៅពេលដែលទីផ្សារមានការធ្លាក់ចុះតម្លៃខ្លាំង ដែលធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីក្នុងឃ្លាំងស្តុក។
បណ្ឌិតក៏បានសំណូមពរឲ្យសមាជិកសហមន៍ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ។
ឆ្លៀឱកាសនោះ បណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕