(ភ្នំពេញ)៖ ថ្លៃភាគហ៊ុន ផែភ្នំពេញ (PPAP) ហាក់នៅមានភាពធូរថ្លៃខ្លាំង បើយោងតាមលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា។ថ្លែងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ដែលរៀបចំឡើងនៅទីតាំងកំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ លោក ហុង សុហួរ បានលើកឡើងពីសក្តានុពល នៃភាពរីកចម្រើនរបស់កំពង់ផែស្វយ័តភ្នំពេញ តាមរយៈការដាក់ដំណើការផ្លួវក្រវាត់ក្រុងទី៣ ផ្លូវល្បឿនលឿនភ្នំពេញបាវិត និងព្រែកជីកភ្នំពេញកំពត ដែលឆ្លងកាត់តាមផែភ្នំពេញទាំងអស់។ នេះនឹងធ្វើឱ្យផែភ្នំពេញរីកចម្រើន ទៅដល់សក្តានុពលថ្មីមួយទៀត ក្លាយជាចំណុចកណ្តាលនៃការដឹកជញ្ជូនរបស់កម្ពុជា ជាមួយនឹងប្រាក់ចំណេញ ដែលយើងទាំងអស់គ្នាអាចនឹងមិននឹកស្មានដល់ នាប៉ុន្នានឆ្នាំខាងមុខនេះ។

ថ្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញបានកើនឡើងប្រមាណជិត ៣ដង ពី៥១២០ រៀលនៅពេលចូលទីផ្សារដំបូង (IPO) នៅចុងឆ្នាំ២០១៥ មកកាន់ ១៤២០០រៀល នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ ទោះបីជាមានការកើនឡើងយ៉ាងនេះក៏ដោយ លោក ហុង សុហួរ បានមានប្រសាសន៍ថា បើតាមយោបល់លោក ថ្លៃបច្ចុប្បន្ននេះ នៅមានភាពធូរថ្លៃខ្លាំង បើប្រៀបធៀបទៅនឹងកំណើនប្រាក់ចំណេញ ក្រុមហ៊ុននាពេលបច្ចុប្បន្ន និងពេលអនាគត។

លោកអគ្គនាយកក៏បានស្នើឱ្យសាធារណជន ចាប់ផ្តើមវិនិយោគភាគហ៊ុន ទាំងអស់គ្នា ដើម្បីអាចរកចំណូលបន្ថែម អាចក្លាយជាអ្នកមាន ក៏ដូចជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ នៅពេលផ្សារភាគហ៊ុនធំជាងនេះបន្តិចទៀត វិនិយោគិនទាំងអស់នឹងដឹងថា ផ្សារភាគហ៊ុនអាចផ្តល់អ្វីខ្លះដល់យើង៕