(ភ្នំពេញ)៖ នេះជាឆ្នាំទី៤ហើយ ដែលវិស័យអចលទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ រាប់ចាប់តាំងពីឆ្នាំ២០២០មក ដែលបានជះឥទ្ធិពលមកដល់សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យកម្លាំងទិញថមថយ ហើយរហូតមកដល់ពាល់កណ្តាលឆ្នាំ២០២៣នេះ សន្ទុះនៃការទិញអចលទ្រព្យគ្រប់ប្រភេទ មិនមានផុសផុលនៅឡើយទេ បើទោះបីជាសេដ្ឋកិច្ចចាប់ផ្តើមរើបឡើងវិញ ជាបណ្តើរៗក៏ដោយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជិត៤ឆ្នាំមកនេះ ចាប់តាំងពីកើតមានសង្រ្គាមពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងចិន ការរីកដាលនៃជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយមកដល់ពេលនេះ អ្នកផ្គត់ផ្គង់ផលិតផលអចលនទ្រព្យ មានដូចជាលំនៅដ្ឋាន ខុនដូរ ដីឡូតិ៍ជាដើម បានរងផលប៉ះពាល់ ដោយសារបញ្ហាទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការធ្វើដំណើររបស់អ្នកវិនិយោគ ដែលធ្វើឱ្យប៉ះពាល់ដល់ការលក់ និងចំណូលរបស់ពួកគេ។
លោកបន្តថា «ខ្ញុំគិតថា អ្នកខ្លះប៉ះពាល់តិច អ្នកខ្លះប៉ះពាល់ច្រើន ព្រោះរយៈពេលវាយូរ។ កន្លងទៅយើងមានវិបត្តិតែត្រឹម ២ឆ្នាំយើងអាចទប់បាន ប៉ុន្តែឥលូវនេះ យើងឡើងដល់ឆ្នាំទី៤ហើយនៅតែត្រដាបត្រដួស ហើយសង្រ្គាមយើងមិនដឹងថាពេលណាចប់ទេ»។
ប៉ុន្តែយ៉ាងណាមិញលោកលើកឡើងថា សម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ឬបុរី ដែលផ្តោតលើគុណភាពសំណង់ មានទីធ្លាទូលាយ និងសេវាកម្មល្អ ហាក់មិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ ដោយពួកគេនៅតែអាចទាក់ទាញអ្នកទិញបាន ក៏ទោះបីជាលក់ក្នុងតម្លៃមធ្យម ឬតម្លៃខ្ពស់ក៏ដោយ។ ចំណែកអ្នកដែលរងគ្រោះខ្លាំង គឺអ្នកអភិវឌ្ឍន៍មកក្រោយគេ ឬអ្នកដែលផ្គត់ផ្គង់អចលនទ្រព្យ ដែលមិនបានផ្តោតទៅលើគុណភាព តែផ្តោតលើតម្លៃទាបជាគោល។
មានបទពិសោធប្រមាណជាង ២០លើវិស័យអចលទ្រព្យ អ្នកជំនាញអចលនទ្រព្យរូបនេះ បានលើកឡើងថា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្តើមងើបឡើងវិញ នឹងជំរុញឱ្យវិស័យអចលនទ្រព្យ នៅកម្ពុជាចាប់ផ្តើមងើបឡើងវិញដែរ ព្រោះជាទូទៅ វិស័យអចលនទ្រព្យតែដើរពីក្រោយសេដ្ឋកិច្ចពី ៦ខែទៅ១ឆ្នាំ។
លោកពន្យល់បន្ថែមថា «បើយើងមើលទៅលើកត្តាសេដ្ឋកិច្ច ជាមួយនឹងអចលនទ្រព្យ អចលទ្រព្យតែងតែដើរតាមក្រោយ នៅពេលដែលសេដ្ឋកិច្ចងើប អចលទ្រព្យងើបតាមក្រោយប្រហែលជា ៦ខែទៅមួយឆ្នាំ ហើយនៅពេលដែលសេដ្ឋកិច្ចធ្លាក់ អចលនទ្រព្យ នឹងចាប់ផ្តើមថមថយតាមសេដ្ឋកិច្ចដែរ។ កត់សម្គាល់ឃើញថានៅឆ្នាំ ២០២៣នេះ សេដ្ឋកិច្ចមានភាពរីកចម្រើនជាងឆ្នាំ ២០២២បន្តិច ហេតុនេះហើយស្ថានភាពអចលនទ្រព្យក៏អាចនឹងមានដំណើរការប្រសើរឡើងវិញខ្លះដែរ។ អ្វីដែលល្អនៅឆ្នាំ២០២៣នេះ ឃើញថាមានការបើកចំហរទីផ្សារប្រទេសចិន និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលជួយដល់វិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងវិស័យលក់រាយ»។
អ្នកលក់អចលនទ្រព្យម្នាក់ នៅខេត្តពោធិ៍សាត់ ដែលជាភ្នាក់ងារលក់លំនៅដ្ឋានតម្លៃទាប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការទិញលក់លំនៅដ្ឋាននៅក្នុងខេត្តនេះនៅតែមានភាពស្ងាត់។ បញ្ហានេះអាចមកពីទីតាំង និងជីវភាពរបស់ប្រជាជននៅតំបន់នេះ មានកម្រិតទាប។
តែយ៉ាងនេះក្តីលោកលើកឡើងថា នៅឆ្នាំ២០២៣នេះ ស្ថានភាពហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២២ ព្រោះយ៉ាងហោចណាស់ក៏មានអតិថិជនមកសួរនាំព័ត៌មាន និងមានអ្នកទិញខ្លះដែរ បើទោះបីជាចំនួនតិចក៏ដោយ។
លោកបានឱ្យដឹងថា «នៅតែមានអ្នកទិញ គ្រាន់តែថាវាមិនដូចមុន បើដូចមុនកូវីដ ឬមុនពេលសេដ្ឋកិច្ចធ្លាក់ មនុស្សមកច្រើនមែនទែន សម្រុកនាំគ្នាមកកក់ តែឥលូវនេះមកសួរព័ត៌មានហើយតម្លៃរៀងខ្ពស់បន្តិចគាត់សុំទៅពិភាក្សាគ្នាសិន។ យ៉ាងណាបើមកសួរតិចមែន តែនៅតែមានអ្នកទិញដែរ ខុសពីឆ្នាំ២០២២មិនសូវមានតែម្តង»។
ស្របពេលដែលវិស័យអចលនទ្រព្យ នៅបន្តរងផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏សម្រេចបង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាល១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង១ លានដុល្លារអាមេរិក និងពី២៤ ខែដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធលើសពី១ លានដុល្លារអាមេរិក។ រួមទាំងការបន្ដលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤។
កាលពីចុងខែឧសភា កន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការផ្តល់គោលការណ៍សាងសង់ និងគោលការអភិវឌ្ឍន៍ដី ការផ្តល់លិខិតអនុញ្ញាតសាងសង់លើស កម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះសំណើរសុំសាងសង់អគារមន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ។ ព្រមទាំងការចុះបញ្ជីដំបូងលើចំណែកឯកជន នៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ និងការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូងសម្រាប់អ្នកវាស់វែងជាមន្រ្តីរាជការ។
លោក សន សៀប បានលើកឡើងថា វិធានការទាំងនេះ ជួយដល់អភិវឌ្ឍន៍បានយ៉ាងច្រើន ដើម្បីឱ្យពួកគេទប់លំនឹងរបស់ខ្លួន ទម្រាំតែស្ថានភាពលំបាកនេះបានបញ្ចប់។
លោកលើកឡើងបន្ថែមថា «ជួយដល់អ្នកអភិវឌ្ឍន៍ឱ្យមានដង្ហើម នៅក្នុងការប្រមូលសាច់ប្រាក់ យកទៅបង់ពន្ធឡើងវិញ។ តែនៅក្នុងហ្នឹង ខ្ញុំឃើញថាបើនិយាយទៅដល់ការជួយវិស័យអចលនទ្រព្យហាក់មិនបានជួយច្រើនទេ ដោយសារតែអ្នកទិញគាត់ត្រូវការសាច់ប្រាក់ ដើម្បីយកទៅទិញ។ តែការបន្ធូបន្ថយបង់ពន្ធ បានជួយទៅដល់ទីផ្សារទាំងមូល ជួយទៅដល់តម្រូវការ និងការផ្គត់ផ្គង់ដែលមានស្រាប់ តែសម្រាប់ទីផ្សារថ្មីនៅទេ»៕