(ភ្នំពេញ)៖ ការរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាមួយចំនួនទៀត ដូចជាសង្រ្គាមសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន ការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយ បានធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា រងផលប៉ះពាល់ជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន។ ហេតុនេះហើយទើបធ្វើឱ្យតម្លៃអនចលទ្រព្យនៅតំបន់ខ្លះ មានកំណើនតិចតួច និងតំបន់ខ្លះនៅទ្រឹង ហើយអចលទ្រព្យផ្សេងទៀត ត្រូវបង្ខំចិត្តដាក់លក់ក្រោមតម្លៃទីផ្សារទៀត។
អ្នកជំនាញអចលទ្រព្យបានលើកឡើងថា ស្របពេលដែលតម្លៃអចលនទ្រព្យនៅតំបន់មួយចំនួន បានដាក់លក់នៅក្រោមតម្លៃទីផ្សារ គឺឱកាសល្អសម្រាប់អ្នកមានធនធានច្រើន ធ្វើការវិនិយោគរយៈវែង ដើម្បីទទួលបានផលចំណេញនាពេលប៉ុន្មានឆ្នាំខាងមុខទៀត ពេលវិស័យអចលទ្រព្យវិលទៅរកស្ថានភាពល្អប្រសើរវិញ។
ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ខណៈពេលដែលវិស័យអចលទ្រព្យកំពុងជួបបញ្ហាប្រឈម ដោយសារវិបត្តិសេដ្ឋកិច្ច គឺជាឱកាសល្អសម្រាប់អ្នកមានធនធានច្រើន ទិញទុកសម្រាប់វិនិយោគរយៈពេលវែង ដោយសារបច្ចុប្បន្ននេះ មានអចលនទ្រព្យមួយចំនួនបានដាក់លក់ក្រោមតម្លៃទីផ្សារ ប្រមាណពី៣០%ទៅ៤០%។
លោកបន្តថា «ខ្ញុំសម្លឹងមើលទៅបច្ចុប្បន្ននេះ សម្រាប់អ្នកមានលុយច្រើន គឺល្អមែនទែន សម្រាប់ការវិនិយោគធំៗ ដូចជាអគារដែលអាចប្រើប្រាស់បាន អគារការិយាល័យ សណ្ឋាគារ អាផាតមិន ឬហាងដែលអាចជួលរកចំណូលមកវិញបាន»។
លោកលើកឡើងថា ផលិតផលអចលនទ្រព្យ គឺជាការវិនិយោគដែលមានសុវត្ថិភាពជាងគេ នៅក្នុងវិស័យវិនិយោគ ព្រមទាំងទទួលបានប្រាក់ចំណេញ ជាងការយកលុយទៅផ្ញើនៅធនាគារ។
លោកបានពន្យល់យ៉ាងដូច្នេះថា «ខ្ញុំជឿថានឹងមានអ្នកដែលកំពុងសម្លឹងមើល នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសអគារដែលជាប់គាំងលក់នៅក្រោមតម្លៃទីផ្សារចាប់ពី៣០ ទៅ៤០%។ បើយើងគិតមើលទៅ បើពួកគាត់យកលុយទៅដាក់នៅធនាគារ ឧទាហរណ៍ដូចនៅប្រទេសជប៉ុន ត្រូវបង់សេវាថ្លៃរក្សាលុយទៀត ហើយនៅប្រទេសរីកចម្រើនផ្សេងទៀត អាចទទួលបានអត្រាការប្រាក់បញ្ញើ ១% ឬ២% ហើយនៅប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន ជាមធ្យមទទួលបានប្រមាណ៥% ទៅ៦%។ ប៉ុន្តែបើយើងវិនិយោគនៅក្នុងអចលនទ្រព្យ បើយើងទិញអចលនទ្រព្យដែលទាបជាងទីផ្សារពី ៣០% ទៅ៤០% ហើយក្នុងមួយឆ្នាំហើយក្រិតយកត្រឹម១០%។ អ៊ីចឹងមានន័យថា យើងទិញឥលូវចំណេញបានបីឆ្នាំបាត់។ ហើយបីឆ្នាំទៀត ទីផ្សារមិនមែនប៉ុណ្ណឹងទេ»។
លោកលើកឡើងថា រយៈពេលបីឆ្នាំខាងមុខទៀត វិស័យអចលទ្រព្យនៅកម្ពុជា និងវិលមកភាពល្អប្រសើរវិញ ព្រោះចាប់តាំងពីឆ្នាំ២០២២មក បន្ទាប់ពីការរីករាលដាលជំងឺកូវីដ១៩ បានស្រាកស្រាន្ត សេដ្ឋកិច្ចកម្ពុជា បានមានកំណើនជាបន្តបន្ទាប់ ពោលបើតាមការព្យាករណ៍ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចមានកំណើន៥.៦%, ២០២៤ មានកំណើន៦% និងនៅឆ្នាំ២០២៥ អាចនឹងវិលមកកំណើន ៧%វិញ ហេតុនេះហើយវិស័យអចលនទ្រព្យ នឹងបន្តកើនឡើងតាមកំណើនសេដ្ឋកិច្ចយ៉ាងដូច្នេះដែរ។
បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យមរង្វង់ ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែសម្រាប់ខណ្ឌចំនួន៥ ដែលមានការអភិវឌ្ឍរួចហើយ ដូចជា ខណ្ឌ៧មករា ដូនពេញ ទួលគោក ចំការមន និងខណ្ឌបឹងកេងកង មានតម្លៃជាមធ្យមរង្វង់ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕