(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ រវាងភាគីទាំងពីរ នៅក្នុងវិធានការមួយ ដែលបានជំរុញឱ្យមានការព្រមានពីទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១ មានបំណងជំរុញពាណិជ្ជកម្ម តាមរយៈការសម្រួលការត្រួតពិនិត្យគយ ការកែលម្អនីតិវិធីបទប្បញ្ញត្តិ និងការបង្កើតវិធានការប្រឆាំងអំពើពុករលួយ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដែលស្វ័យគ្រប់គ្រងតែអះអាងដោយប្រទេសចិនថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

បើទោះជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ មិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ក៏ភាគីទាំងពីររក្សាទំនាក់ទំនងក្រៅផ្លូវការ តាមរយៈវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ ដែលដើរតួនាទីជាស្ថានទូតអាមេរិកក្រៅផ្លូវការ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងទីមួយស្ថិតក្រោមគំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ ត្រូវបានចុះហត្ថលេខាដោយអ្នកតំណាងវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ និងការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌ទីក្រុងតៃប៉ិប្រចាំសហរដ្ឋអាមេរិក។

លោក Sam Michel អ្នកនាំពាក្យការិយាល័យ USTR បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ «មានបំណងពង្រឹង និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ» រវាងភាគីទាំងពីរ។ លោកបានបន្ថែមថា អ្នកតំណាងពាណិជ្ជកម្មរងរបស់អាមេរិក គឺលោកស្រី Sarah Bianchi បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

លោក Michel បានមានប្រសាសន៍ថា៖ «យើងសូមអរគុណដៃគូតៃវ៉ាន់របស់យើង ដែលបានជួយយើងឱ្យឈានដល់ដំណាក់កាលដ៏សំខាន់នេះ ហើយយើងទន្ទឹងរង់ចាំការចរចានាពេលខាងមុខ លើផ្នែកពាណិជ្ជកម្មបន្ថែមនានា ដែលបានកំណត់ក្នុងអាណត្តិចរចារបស់គំនិតផ្តួចផ្តើមនេះ»

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រទេសចិនបានព្រមានក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ដែលប៉ះពាល់ទៅលើអធិបតេយ្យភាព ឬតំបន់តៃវ៉ាន់របស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក «មិនត្រូវបញ្ជូនសញ្ញាខុសឆ្គងទៅកាន់កងកម្លាំងឯករាជ្យតៃវ៉ាន់ ក្នុងនាមពាណិជ្ជកម្មនោះទេ»