(ភ្នំពេញ)៖ លើកឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកា ស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ ដែលបានធ្វើឡើងនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៤ខាងមុខនេះ ការប្រមូលចំណូលពន្ធ លើផលិតផលបារី អាចនឹងកើនឡើងលើសបច្ចុប្បន្ននេះ នៅពេលដែលរាជរដ្ឋាភិបាល រៀបចំអនុក្រឹត្យពាក់ព័ន្ធពន្ធបារីនេះរួចរាល់។

វេទិកាស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ បានប្រារព្ធធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធប្រមាណ ២០០នាក់។

លោក វ៉ាន់ ពុទ្ធិពល បានបន្ថែមទៀតថា ក្រសួងសេដ្ឋកិច្ចកំពុងធ្វើដំណើរការកំណែទម្រង់ពន្ធថ្នាំជក់នេះហើយ គ្រាន់តែធ្វើជាជំហានៗ និងប្រុងប្រយ័ត្នបំផុត ព្រោះថាបើដំឡើងពន្ធខ្ពស់ អាចនាំឱ្យមានការរត់ពន្ធបារីខុសច្បាប់ ធ្វើឱ្យខាតបង់ចំណូលរដ្ឋវិញ។ បើយោងតាមច្បាប់ស្តីពីសារពើពន្ធ ដែលព្រះមហាក្សត្រទើបឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីនេះ បានកំណត់ថា រាជរដ្ឋាភិបាលមានភារកិច្ចរៀបចំអនុក្រឹត្យមួយចំនួន ដែលពាក់ព័ន្ធក្នុងនោះមានអនុក្រឹត្យ ស្តីពីពន្ធអាករពិសេសមូលដ្ឋានលើផលិតផលបារីនេះ ឱ្យមានការកើនឡើងជាងបច្ចុប្បន្ននេះ។

លោក វ៉ាន់ ពុទ្ធិពល បានបញ្ជាកទៀតថា ថ្មីៗនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពលើលិខិតស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការយកពន្ធ លើផលិតផលបារីនៅគ្រប់ដំណាក់កាលសម្រាប់បារីនាំចូល ខណៈពីមុននេះកម្ពុជា យកពន្ធតែពេលនាំចូលម្តងប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ មន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយដ្ឋានពន្ធដារ ក៏បានខិតខំធ្វើការចុះត្រួតពិនិត្យផលិតផលថ្នាំជក់ នៅតាមបណ្តាខេត្តគោលដៅ យ៉ាងមានប្រសិទ្ធភាពផងដែរ។

នាឱកាសនោះដែរអង្គការមិនមែនរដ្ឋាភិបាល ក៏បានគាំទ្រចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងដំណើរការកំណែទម្រង់ពន្ធថ្នាំជក់ និងយល់ឃើញថា ការយកពន្ធបន្ថែមចាប់ផ្តើមពី ៥០០រៀលក្នុងបារីមួយកញ្ចប់ ឬច្រើនជាងនេះ ស័ក្តិសមបំផុតសម្រាប់បច្ចុប្បន្ន។

សូមបញ្ជាក់ថា បើតាមការវិភាគស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ការយកពន្ធបន្ថែម៥០០រៀល ក្នុងបារី មួយកញ្ចប់ នឹងធ្វើឲ្យតម្លៃបារីកើនឡើង១៥% កាត់បន្ថយអ្នកជក់បារីបាន ៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ និងបង្ការប្រជាពលរដ្ឋ ១០ ០០០នាក់ពីការស្លាប់មុនអាយុកំណត់បណ្តាលមកពីការជក់បារី ក្នុងរយៈពេល ១០ទៅ១៥ឆ្នាំបន្ទាប់។ មិនតែប៉ុណ្ណោះការដំឡើងពន្ធបារី៥០០រៀលក្នុង១កញ្ចប់នេះ នឹងធ្វើឲ្យប្រាក់ ចំណូលពន្ធរដ្ឋកើនឡើង ២១៣ 000 000 000រៀល (ជាង៥៣លានដុល្លារសហរដ្ឋ)ក្នុង១ឆ្នាំ។

អង្គការសុខភាពពិភពលោក បានកំណត់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់ គឺជាវិធានការទោលដែលមាន ប្រសិទ្ធភាពជាងគេ ក្នុងការកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីថ្នាំជក់។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការ ប្រើប្រាស់ថ្នាំជក់ ដែលក្នុង១ថ្ងៃៗ មានអ្នកស្លាប់ប្រមាណជាង៤០នាក់។

ជំងឺទាំងនោះរួមមាន ជំងឺដាច់ សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀត ទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ ៣៣%នៃអ្នកស្លាប់ទាំងអស់កើតឡើង ចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀតការប្រើប្រាស់ថ្នាំជក់បណ្តាល ឲ្យខាតបង់ថវិកា ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង ៣%នៃGDPរបស់កម្ពុជា៕