(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា ទំហំជួញដូរមូលបត្របានធ្លាក់ចុះពី៥០ម៉ឺនដុល្លារ មក៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៣នេះ។
បើទោះបីមានការធ្លាក់ចុះទំហំជួញដូរក្តី តែលោកនៅមានក្តីសង្ឃឹមថា ការជួញដូរមូលបត្រ នឹងសម្រេចបានទំហំជួញដូរ១០០លានដុល្លារនៅឆ្នាំ២០៣០។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហុង សុហួរ បានឱ្យដឹងថា ៤ខែដំបូងឆ្នាំ២០២៣នេះ ទំហំជួញដូរមូលបត្រជាមធ្យមប្រចាំថ្ងៃ នៅក្នុងទីផ្សារមូលបត្រនៅកម្ពុជា បានថយចុះពី៥០ម៉ឺនដុល្លារ កាលពីឆ្នាំ២០២២ មកដល់រង្វង់ ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២៣ ដោយសារវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានគូសបញ្ជាក់ថា ការធ្លាក់ចុះទំហំជួញដូរនៅដើមឆ្នាំ២០២៣ ដោយសារនៅឆ្នាំនេះ មិនទាន់មានការជួញដូរទំហំធំៗ ដែលមានតម្លៃលើសពី ១លានដុល្លារនៅឡើយ ខណៈកាលពីឆ្នាំ២០២២ ការជួញដូរមូលបត្រដែលមានតម្លៃលើសពី ១លានមានចំនួនច្រើនគួរឱ្យកត់សម្គាល់។
តែយ៉ាងណា លោកចាត់ទុកថា ការធ្លាក់ចុះទំហំជួញពី៥០ម៉ឺនដុល្លារ ដល់៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃនេះ មិនមែនជាការធ្លាក់ចុះគួរឱ្យបារម្ភនោះទេ ព្រោះសកម្មភាពទីផ្សារកាន់តែមានភាពមមាញឹកជាងមុន គឺនៅពេលមានការជួញដូរទំហំតូចៗច្រើន នឹងធ្វើឱ្យទីផ្សារមានសន្ទនីយភាព ពោលគឺអ្នកទិញ និងអ្នកលក់ធ្វើការទិញលក់ងាយស្រួល។
លោកលើកឡើងថា ការឈានជើងចូលទីផ្សាររបស់ក្រុមហ៊ុនធំៗចំនួន២ គឺក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី និងក្រុមហ៊ុន សេលកាត របស់អ្នកឧកញ៉ា គិត ម៉េង ដែលអាចនឹងមកចុះបញ្ជីនៅខែក្រោយនេះ នឹងជំរុញការជួញដូរបានកាន់តែច្រើន ជាពិសេសការជួញដូរក្នុងទំហំតូច និងមធ្យម ព្រោះក្រុមហ៊ុនទាំងពីរហាក់មានការចាប់អារម្មណ៍ច្រើនពីក្នុងចំណោមអ្នកវិនិយោគតូចៗ និងមធ្យម។
លោកបន្ថែមថា ខណៈស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅមានភាពស្រពិចស្រពិល ដែលធ្វើទំហំជួញមិនអាចកើនឡើងដល់ ១លានដុល្លារក្នុងឆ្នាំ២០២៣នេះ ឬឈាន ១០០លានដុល្លារនៅឆ្នាំ២០៣០ក៏ដោយ តែយ៉ាងណា CSX រួមនឹងអ្នកពាក់ព័ន្ធនឹងព្យាយាមខិតខំ ដើម្បីឱ្យ៧ឆ្នាំទៀត សម្រេចបាននូវគោលដៅ ១០០លានដុល្លារក្នុងមួយថ្ងៃនៅឆ្នាំ២០៣០។
សូមជម្រាបថា បច្ចុប្បន្ននៅផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ១៨បានចុះបញ្ជីបោះផ្សាយលក់មូលបត្រ ក្នុងនោះ ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល៕