(បាងកក)៖ ធនាគារកណ្តាលរបស់ប្រទេសថៃកាលពីថ្ងៃពុធបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដូចការរំពឹងទុកដោយដំឡើង ២៥ពិន្ទុមូលដ្ឋាន ឬ ០,២៥ភាគរយនៅក្នុងកិច្ចប្រជុំលើកទីប្រាំមួយជាប់ៗគ្នា ដើម្បីទប់ស្កាត់ហានិភ័យអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ (BOT) បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីដំឡើងអត្រាគោលនយោបាយនេះសម្រាប់កម្ចីរយៈពេលមួយថ្ងៃ (one-day repurchase rate) ដែលធ្វើឱអត្រាការប្រាក់កើនឡើងដល់ ២ភាគរយ ដូចដែលរំពឹងទុកដោយសេដ្ឋវិទូ ១៧នាក់ក្នុងចំណោម២២ ក្នុងការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ជាមួយនឹងការដំឡើងលើកចុងក្រោយនៅថ្ងៃពុធនេះ ធនាគារ BOT បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនសរុបចំនួន ១៥០ពិន្ទុមូលដ្ឋាន ឬស្មើនឹង ១,៥ភាគរយគិតចាប់តាំងពីខែសីហាមក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការន៍ថា ធនាគារកណ្តាល BOT បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែបន្តដើរទៅមុខ ហើយផលិតផលក្នុងស្រុកសរុប (GDP) អាចកើនឡើងលើសពីការរំពឹងទុក ដោយការនាំចេញដែលជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះនឹងមានភាពប្រសើរឡើង។

ធនាគារកណ្តាលថៃបានរក្សាការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងអត្រា ៣,៦ភាគរយនៅឆ្នាំនេះ និង ៣,៨ភាគរយនៅឆ្នាំក្រោយ។

ធនាគារកណ្តាលថៃបានឱ្យដឹងទៀតថា៖ «ហានិភ័យអតិផរណាកើតឡើងពីសម្ពាធតម្រូវការកាន់តែខ្លាំងឡើងក្នុងគ្រាដែលមានការកើនឡើងសកម្មភាពសេដ្ឋកិច្ច និងការចំណាយខ្ពស់ពីសម្ពាធផ្គត់ផ្គង់»។ ធនាគារកណ្តាលបានបន្ថែមថា អតិផរណាគួរតែបន្តធ្លាក់ចុះក្នុងល្បឿនបន្តិចម្តងៗ៕