(តូក្យូ)៖ ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បាននិយាយកាលពីថ្ងៃអង្គារថា ធនាគារកណ្តាលនឹងបន្តរក្សាគោលនយោបាយរូបិយវត្ថុធូររលុងបំផុតរបស់ខ្លួនដោយភាពអត់ធ្មត់ ដោយសារនៅមិនទាន់សម្រេចបានគោលដៅអតិផរណា ២ភាគរយប្រកបដោយនិរន្តរភាពនៅឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Ueda ក៏បានឱ្យដឹងផងដែរថា មិនមានការផ្លាស់ប្តូរគោលនយោបាយក្នុងពេលដ៏ខ្លីខាងមុខនេះទេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Ueda ខណៈថ្លែងទៅកាន់សភាថា «យើងរំពឹងថា អតិផរណានឹងថយចុះយ៉ាងច្បាស់នៅក្រោម ២ភាគរយ» ឆ្ពោះទៅរកពាក់កណ្តាលឆ្នាំនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន។

លោកបានបន្ថែមថា៖ «អតិផរណាទំនងជានឹងងើបឡើងវិញបន្ទាប់ពីនោះ... ទោះបីជាមានភាពមិនច្បាស់លាស់ខ្ពស់» លើចក្ខុវិស័យក៏ដោយ។

សញ្ញាវិជ្ជមានរួមមានការកើនឡើងនូវប្រាក់ឈ្នួលច្រើននៅក្នុងការចរចាប្រាក់ឈ្នួលប្រចាំឆ្នាំនៅឆ្នាំនេះ ដែលអាចជួយអង្រួនផ្នត់គំនិតបរិត្តផរណារបស់ប្រទេសជប៉ុន។

លោក Ueda បាននិយាយថា៖ «(យើង) នឹងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុដោយអត់ធ្មត់ ព្រោះយើងស្ថិតនៅឆ្ងាយទៀតក្នុងការសម្រេចបានអតិផរណា ២ភាគរយប្រកបដោយនិរន្តរភាព និងស្ថិរភាព រួមជាមួយនឹងការកើនឡើងនៃប្រាក់ឈ្នួលជាបន្ត»។ លោកបានបន្ថែមថា ធនាគារកណ្តាល BOJ ក៏នឹងបន្តប្រតិបត្តិការទិញសញ្ញាប័ណ្ណរដ្ឋាភិបាលរយៈពេលវែងផងដែរក្នុងពេលឥឡូវនេះ។
ការអត្ថាធិប្បាយនេះធ្វើឡើងនៅពេលដែលទីផ្សាររំពឹងថា លោក Ueda ជាសន្សឹមៗនឹងចាប់ផ្តើមបញ្ចប់វិធានការជំរុញអតិផរណាក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕